ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជាអគ្គនាយកអង្គការ School Aid Japan បានលើកឡើងថា អង្គការ គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ។

ក្នុងឱកាសនៅជំនួប, លោកអគ្គនាយកអង្គការ School Aid Japan បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ២ ទសវត្សរ៍ មកហើយ ដោយបានបើកជាមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា ដែលបច្ចុប្បន្នមានកុមារកំព្រាជាង ១០០នាក់ ដែលស្នាក់នៅ និងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។
ជាមួយគ្នានេះ, អង្គការ School Aid Japan ក៏បានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់អាហារពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀន សរុបជាង ២ម៉ឺននាក់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លើសពីនេះ, អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនទៅដល់កូនខ្មែរផងដែរ។

លោក អគ្គនាយកអង្គការ School Aid Japan ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់សកម្មភាពការងាររបស់អង្គការ School Aid Japan នៅកម្ពុជា និងបានគោរពជម្រាបជូន សម្ដេចបវរធិបតីថា អង្គការ School Aid Japan មានគម្រោងកសាងអាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ School Aid Japan ដែលបានចូលរួមចំណែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះ ស្របទៅនឹងគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលទៅដល់សកម្មភាពរបស់អង្គការ School Aid Japan នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអង្គការ School Aid Japan បន្តសកម្មភាពដ៏ល្អប្រពៃនេះ ដែលជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ៕
