ព័ត៌មានជាតិ

ពាក់ព័ន្ធការប៉ះទង្គិចកងទ័ព កម្ពុជា-ថៃ ! សម្ដេចធិបតី ៖ ទោះបី សម្ដេច កំពុងស្ថិតនៅជប៉ុន ប្រព័ន្ធ និងឋានានុ ក្រម នៃការដឹកនាំបញ្ជាកម្លាំង គឺស្ថិតក្នុងការទទួលខុសត្រូវ របស់នាយករដ្ឋមន្ត្រីដដែល

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ទោះបី សម្ដេច កំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធ និងឋានានុក្រម នៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិច ប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ព និងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រី មិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិល អំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស?

សម្ដេច គូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗ ជាច្រើនក៏ដោយ ប្រព័ន្ធ និងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវ របស់នាយករដ្ឋមន្ត្រីដដែល»។

សម្ដេច បន្ដថា រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឱ្យ សម្ដេច តាមរយៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឱ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឱ្យសភាពការណ៍វិល ត្រឡប់ទៅភាពស្ងប់ស្ងាត់ និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ ។ សម្ដេច «ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗ ក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន»។

សម្ដេច នាយករដ្ឋមន្ដ្រី មិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ព និងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ព ដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។

ក្នុងន័យនេះ សម្ដេច សង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សា ស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អ រវាងកងទ័ពជួរមុខ របស់យើងទាំងពីរ ដូចដែលបានធ្វើកន្លងមក។

សម្ដេច បន្ថែមថា «ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពាន ប្រទេសណាមួយនោះទេ ហើយយើងចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋាន បច្ចេកទេសនិងច្បាប់អន្តរជាតិ ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ»។

សម្ដេច បន្ដថា «ហេតុដូច្នេះ ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរ ជ្រាបជាព័ត៌មាន និងសូមកុំឱ្យមានការព្រួយបារម្ភ ដោយផ្អែកលើព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយ ដោយមិនមានប្រភពច្បាស់លាស់ ។ ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឱ្យបញ្ហានេះ ទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និង សូមផ្ដល់ការទុកចិត្ត ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើង ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយការទទួលខុសត្រូវខ្ពស់»៕

To Top