ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សភាពការណ៍នៅតំបន់ ព្រំដែនមុំបី ស្ថិតក្នុងព្រះវិហារ កុំរាលដាលទៅប្រាសាទ ព្រះវិហារ ប្រាសាទមាន់ ប្រាសាទតាក្របី ហើយកុំឱ្យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាដើម។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីការប៉ះទង្គិច រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
នាឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជា ចង់បានព្រំដែនជាមួយ ប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ សង្ឃឹមថា សភាពការណ៍មុំបី ឱ្យត្រឹមមុំបីបានហើយ កុំរាលដាលដល់ប្រាសាទព្រះវិហារ តាមាន់ តាក្របី និងទូទាំងព្រំដែន»។
សម្ដេចតេជោ បន្ដថា «ហើយរឿងទិដ្ឋភាពយោធាដាច់ដោយឡែក តូចមួយនេះ ឱ្យនៅត្រឹមប៉ុណ្ណឹង កុំឱ្យពាក់ព័ន្ធនឹងយោធារួម កុំឱ្យពាក់ព័ន្ធនឹងវិស័យដ៏ទៃទៀត ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហើយមានបញ្ហាច្រើនណាស់ត្រូវធ្វើជាមួយគ្នា»៕
