កំពង់ធំ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោកមេឃុំត្រពាំងឬស្សី លោក អ៊ុត វណ្ណារីន និងសហការី បានអញ្ជើញចុះពិនិត្យមើល ការចិញ្ចឹមនិងមើលថែពពែ ស្ថិតនៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក អ៊ុត វណ្ណារីន បានឱ្យដឹងថា ដោយផ្ដោតទៅលើការការពារ ធនធានធម្មជាតិ ក្រុមប្រឹក្សាឃុំបានស្វែងរកមូលនិធិ ដើម្បីគាំទ្រទៅ ដល់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ឈ្មោះសហគមន៍ឧកញ៉ាមហាពពាយ បានទទួលថវិកា ពីអង្គកាកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) ទទួលបានទុនពីអង្គការ CWS បានផ្ដល់នូវពូជពពែចំនួន២០០ក្បាល ។
លោកបានបន្តទៀតថា ពូជពពែទាំង២០០ក្បាលនេះ គឺបានបែងចែក ទៅសមាជិក សហគមន៍ព្រៃឈើ ចំនួន១០០ក្បាល និង សហគមន៍នេសាទចំនួន១០០ក្បាល ។ ដើម្បីឱ្យសមាជិកសហគមន៍ រកចំណូលបន្ថែម តាមរយៈចិញ្ចឹមពពែ ក្នុងការលក់ ជួយទ្រទ្រង់ដល់សហគមន៍ របស់ខ្លួននីមួយៗ ។ ក្នុងរយៈពេលយកមកចិញ្ចឹម នៅទីតាំងចំណុច បឹងអំពិល កន្លងមកឃើញថាពពែមានជំងឺ និងការផ្លាស់ប្ដូរ អាកាសធាតុ បានធ្វើឱ្យជំងឺយាយី ដល់សត្វពពែ បណ្ដាលឱ្យពពែស្លាប់មួយចំនួនផងដែរ ។ ប៉ុន្តែក្រោយពីគណៈកម្មការ គ្រប់គ្រង សត្វពពែនេះ បានទំនាក់ទំនងទៅខាងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដើម្បីសុំមន្ត្រីជំនាញ មកពិនិត្យ និងព្យាបាល ឃើញថា រហូតមកដល់ ពេលនេះសុខភាពសត្វពពែ មិនមានបញ្ហាអ្វីឡើយ ។ ហើយក៏អាចសាំ នឹងអាកាសធាតុនៅទីនេះផងដែរ ថ្មីៗនេះពពែក្រុមសហគមន៍នេសាទ ឧកញ៉ា មហាពពាយ បានកើតកូនពពែ មួយក្បាលផងដែរ ។ នៅខែក្រោយៗទៀត អាចនឹងមានកូនពពែ កើតបន្តបន្ទាប់ទៀត ព្រោះមកដល់ពេលនេះពពែផើម ចំនួន២០ក្បាលហើយ។

លោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឬស្សី បានលើកដឹងថា ការចិញ្ចឹមពពែមិនត្រឹមតែ ជួយរក្សាធនធាធម្មជាតិ និងការស្រឡាញ់សត្វពពែតែប៉ុណ្ណោះទេ តែវាអាចរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើន សេដ្ឋកិច្ចគ្រួសារ របស់កសិករ ព្រោះពពែ បានបំលែងនូវប្រភេទចំណី ដែលមានតម្លៃថោក ទៅជាផលិតផលដែលមានតម្លៃថ្លៃ។ ដូចជាសាច់ ទឹកដោះនិងស្បែកពពែមានលក្ខណៈសមស្របនិង ការប្រើប្រាស់ប្រភពចំណីធម្មជាតិ ជាងសត្វផ្សេងទៀត មានស្លឹករុក្ខជាតិជាច្រើន ដែលពពែចូលចិត្តស៊ី ហើយកសិករងាយរកបាន និងចំណាយថវិកាតិចមានដូចជា ស្មៅចំណីសត្វ កន្ធំថេត ស្លឹកដំឡូងជ្វា បន្លាយួន ពុទ្រា ស្លឹកអំពិលទឹក ស្លឹកអង្គារដី ស្លឹកគរ ស្លឹកអញ្ចាញ និងស្លឹកថ្លើមអណ្តើក។

លោក លឹម ភេទ មេភូមិក្រសាំង និងកសិករមើលថែពពែ មានភាពសប្បាយរីករាយ និងថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំ ឃុំនិងម្ចាស់ជំនួយព្រមទាំង ប្រជាពលរដ្ឋទាំង១០០គ្រួសារ នៅក្នុងសហគមន៍ ដែលបានគាំទ្រ និងមើលថែពពែ ឱ្យមានសុខភាពល្អ និង សំណូមពរ ដល់សប្បុរសជន ក៏ដូចជាស្ថាប័ន ដែលមានធនធាន សូមជួយផ្ដល់ពូជពពែ ដល់សហគមន៍នេះបន្ធែម ដើម្បីពង្រីកការមើលថែពូជពពែ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិផ្សេងៗទៀត ៕
ដោយសំនៀង


