ព័ត៌មានជាតិ

ក្រសួងការងារ ចុះផ្សព្វផ្សាយ ស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្ម លើកុមារគ្រប់រូបភាព នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការ ជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ ពីគ្រប់ភាគីពាក់ព័ន្ធនឹង ការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។

ពិធីផ្សព្វផ្សាយបានធ្វើឡើង ដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ។ ជាមួយគ្នានេះ មន្ត្រីជំនាញ របស់ក្រសួងការងារ ក៏បានបន្តជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរ មូលដ្ឋាន និងសហគមន៍ នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់ ទម្រង់ទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្តេជ្ញា បញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ និងរាយការណ៍រហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុងករណីការប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ៕

To Top