ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានសំណាញ់មេឃដើម្បីការពារប្រទេស សម្រាប់ត្រៀមប្រយុទ្ធជាមួយអ្នកមានបំណងឈ្លានពានកម្ពុជា។
ការមានប្រសាសន៍របស់សម្តេចតេជោនេះ ឆ្លើយតបទៅអ្នកខំមិនក្នុងហ្វេសប៊ុករបស់សម្តេចថា ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ ភាគីបានត្រៀមយន្តហោះចម្បាំងរួចរាល់ហើយ ។ ប៉ុន្តែចំណុចនេះ សម្តេចតេជោ បានថ្លែងសារពិសេសនាព្រឹកថ្ងៃ២៩ ឧសភាថា កម្ពុជាអត់មានយន្តហោះចម្បាំងនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាគឺសំណាញ់មេឃ និងបានត្រៀមអាវុធទំនើប ដើម្បីតបតទៅអ្នកចង់បំពាន។
ឆ្លើយតបទៅក្រុមមនុស្សដែលចាំអុជអាលសភាពការណ៍កម្ពុជា-ថៃ សម្តេចតេជោបានមានប្រសាសន៍ថា “ប៉ុន្តែពួកអាល្ងង់មួយចំនួន វាអត់ស្គាល់សំណាញ់មេឃ ។ សំណាញ់មេឃគ្រាប់ទៅពីក្រោម ។ យន្តហោះកាលណាហែងហោះពីលើខ្ពស់ហែងធ្វើអីអញអត់បានទេ ប៉ុន្តែបើហែងចង់ធ្វើអីអញទាល់តែហែងដាំក្បាលចុះ ព្រោះវាដាំក្បាលចុះអាហ្នឹងវាទៅពីខាងក្រោមរាប់ពាន់ រាប់ម៉ឺនគ្រាប់ រាប់សែនគ្រាប់ងាយអីមិនត្រូវខ្លះ”។
សម្តេចតេជោបន្តថា ដូច្នេះនៅពេលដែលមានសង្គ្រាមនៅតាមព្រំដែន ភាគីម្ខាងៗមិនដែលប្រើប្រាស់យន្តហោះចម្បាំងនោះទេ ។
ជាមួយគ្នានេះដែរ សម្តេចតេជោមានប្រសាសន៍អះអាងថា កម្ពុជាមានយន្តហោះប្រភេទការពារដែនអាកាសយ៉ាងល្អប្រសើរដែលអាចបាញ់សាកល្បង៤០គីឡូទៅម្ខាងទៀត៕
