ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ បន្ដផ្ដល់សេចក្ដីរាយការណ៍ ពីករណីសង្ស័យមានបទល្មើសកើតឡើង ពិសេសបទល្មើសគ្រឿងញៀន ក្នុងគោលដៅ ដែលខ្លួនកំពុងឈរជើងការពារមកកាន់សមត្ថកិច្ច ដើម្បីមានវិធានការ ឬឈានទៅបង្ក្រាប ឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរវាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារ សន្តិសុខឯកជនលើកទី៧៣ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកថា សន្តិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។ មួយវិញទៀត គឺបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ ។

ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលសហការ និងផ្តល់កិច្ចសហការ ចូលរួមបង្ការទប់ស្កាត់បទល្មើសនានា នៅតាមទីតាំងគោលដៅរបស់ខ្លួន ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ បទល្មើសមួយចំនួនបានកើតឡើងតាមទីតាំងស្នាក់នៅ ដែលក្រុមឧក្រិដ្ឋជន ពួនសម្ងំ ប្រព្រឹត្តបទល្មើសដូចជា៖ ការផលិតគ្រឿងញៀន ចែកចាយ ប្រើប្រាស់គ្រឿងញៀន ការបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរឹតទារប្រាក់ ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អំពើលួចគាស់ជាដើម។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវវនាវ ដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ មេត្តាផ្តល់កិច្ចសហការ ជាមួយសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន នៅតាមទីតាំងរស់នៅដូចជា៖ បុរី ខុនដូរ អាតមិន សណ្ឋាគារ កាស៊ីណូ រីសត និងសំណង់អគារធំៗ ដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសទាំងនោះ» ៕
