ព័ត៌មានជាតិ

ការជ្រើសរើស និងការបញ្ជូនពលករ​ ទៅប្រទេសកូរ៉េ ពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់ ដែលមិនអាចអត់ឱនបាន

ភ្នំពេញ៖ “ការជ្រើសរើស និងការបញ្ជូនពលករ ទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់” ។ នេះគឺជាការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។
លោកបានសង្កត់ធ្ងន់ថា៖ “គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយ ដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។ ការលួចលាក់បញ្ជូន និងជ្រើសរើសណាមួយស្មើបទល្មើស ការជួញមនុស្សដែលជាបទល្មើសព្រហ្មទណ្ឌ ។
បន្ថែមលើកនេះ លោកបានសង្កត់ធ្ងន់ថា សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ សមាគម និងក្រុមហ៊ុនឯកជនមានមានសិទ្ធិបើកវគ្គបណ្ដុះបណ្ដាលជំនាញភាសា ឬជំនាញផ្សេងៗបាន ប៉ុន្ដែគ្មានសិទ្ធិក្នុងការជ្រើសរើស ឬបញ្ជូនពលករទេ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាត់តាមវិធានការច្បាប់ ចំពោះក្រុមហ៊ុនឯកជន សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ និងមេខ្យល់ទាំងឡាយណាដែលបានប្រព្រឹត្តគគ្លើនផ្ទុយពីការណែនាំនេះ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន និងសាធារណជន ដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ សូមទាក់ទងក្រសួងការងារតែមួយគត់ ដែលជាអ្នកមានសិទ្ធិជ្រើសរើស និងបញ្ជូនស្របច្បាប់ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច មហាបវរធិបតី ជាប្រមុខការពារដាច់ខាត ចំពោះពលរដ្ឋរបស់ខ្លួន និងការពារប្រយោជន៍ជូនពលរដ្ឋរបស់ខ្លួន ដោយមិនលើកលែង ចំពោះជនទាំងឡាយណា ដែលគគ្លើនចំពោះបម្រាមនោះឡើយ ហើយជាមួយគ្នានេះ សូមពលរដ្ឋជួយរាយការណ៍មកក្រសួង នូវពេលបានឃើញ និងបានដឹងអំពីការផ្សព្វផ្សាយការជ្រើសរើស និងបញ្ជូនពីវិស័យឯកជន ដើម្បីអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា៕

To Top