ភ្នំពេញ ៖ ក្រសួងព័ត៌មានបានសហការ ជាមួយក្រសួងទេសចរណ៍រៀបចំកម្ម “ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ” ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ។

ពិធីផ្សព្វផ្សាយខាងលើ ត្រូវបានផ្ដួចផ្ដើមឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) ដែលជាយន្តការដើម្បីជំរុញចលនា ទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរ ឲ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវ ទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ ខែតុលា ។ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ ចេញនូវសកម្មភាព ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយពិតជាមានសារសំខាន់៕





