ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញក្រុមហ៊ុនជប៉ុនទៅបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតទំនិញបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក ដោយ សម្តេច ចាត់ទុកថា «គឺជាភាពទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់នៅកម្ពុជា»។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីក្នុងចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន វេទិការនេះត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) មានវិនិយោគិនចូលរួមចំនួនជិត ៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ សូមអញ្ជើញក្រុមហ៊ុនជប៉ុនទៅបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតទំនិញបម្រើទីផ្សារក្នុងស្រុកផង និងនាំចេញទៅបណ្ដាលប្រទេសនានាផង»។

សម្តេចបវរធិបតី បន្ដថា បរិយាកាសនយោបាយ ប្រកបដោយស្ថេរភាព និងកំណើនម៉ាក្រូសេដ្ឋកិច្ចប្រកបដោយសង្គត់ភាពនៅកម្ពុជា ដែលផ្តល់នូវមូលដ្ឋានគ្រឹះប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្តបាន សម្រាប់វិនិយោគរយៈពេលវែង។

សម្តេចបវរធិបតី បន្ថែមថា កំណត់ត្រាសេដ្ឋកិច្ចរបស់កម្ពុជា មុនជំងឺរាតត្បាតជំងឺកូវីដ១៩ សម្រេចបាននូវកំណើន ៧% ប្រចាំ និងមានការព្យាករណ៍នូវងើបនៃសេដ្ឋកិច្ចក្នុងអត្រា ៥%ទៅ៦% ក្នុងរយៈពេលមធ្យម។ កំណើននេះ ត្រូវបានគាំទ្រដោយគោលនយោបាយកែទម្រង់ ប្រកបដោយចីរភាព កិច្ចសន្ទនាជាប្រចាំរវាងរាជរដ្ឋាភិបាលនៅក្រៅប្រទេស និងវិស័យឯកជន និងចក្ខុវិស័យរយៈពេលវែង ដែលផ្តោតទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ការចូលរួមដោយផ្ទាល់ជាមួយវិនិយោគិន នៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ អាទិភាពជាយុទ្ធសាស្រ្តរបស់កម្ពុជា រួមបញ្ចូលនូវវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលរៀបចំឡើងជាទៀងទាត់ គឺយន្តការគន្លឹះសម្រាប់ដោះស្រាយជាប់ជាប្រចាំនូវរាល់កង្វល់របស់វិស័យឯកជន៕
