ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្ត ឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាព ក្នុងការពង្រីក មូលដ្ឋានផលិតកម្ម របស់ខ្លួន មកកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញលើក ទឹកចិត្ត ឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីក មូលដ្ឋានផលិតកម្មរបស់ខ្លួន មកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជួបពិភាក្សា ការងារជាមួយថ្នាក់ ដឹកនាំក្រុមហ៊ុនសំខាន់ៗរបស់ជប៉ុន ក្នុងកម្មវិធីផ្គូផ្គងវិនិយោគជាមួយ សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកាលានុវត្តន៍ភាពក្នុងវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ដែលកំពុងរង់ចាំវិនិយោគិនពីគ្រប់ទិសទី ជាពិសេសវិនិយោគិនជប៉ុន ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ក៏ដូចជាមានប្រសិទ្ធភាព សម្រាប់លើកកម្ពស់ផលិតភាពក្នុងខ្សែច្រវាក់ផលិត ដោយធ្វើអានុភាវូបនីយកម្ម គោលនយោបាយនានា ពាក់ព័ន្ធនឹងវិនិយោគប្រកប ដោយភាពអនុគ្រោះសម្រាប់ជំរុញ ការវិនិយោគឱ្យកាន់តែមាន ប្រសិទ្ធផលសេដ្ឋកិច្ចខ្ពស់។

ការតភ្ជាប់សមត្ថភាពផលិត ក្នុងតំបន់ក៏ជាលទ្ធភាពចម្បងដែល ឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យ វិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីក មូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ។

ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា លើសពីលទ្ធភាព នៃការតភ្ជាប់សមត្ថភាពផលិតនេះ វិនិយោគិនក៏អាចសម្លឹង មើលទីតាំងជាយុទ្ធសាស្ត្រ ដែលកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំ លើមូលដ្ឋាន សំខាន់ទាំងបីគឺ៖ (១) ការតាំងទីនៅត្រង់ ចំណុចកណ្តាលបេះដូង នៃតំបន់អាស៊ាន ដែលមានការអភិវឌ្ឍ ប្រកបដោយថាមវ័ន្ត, (២) ទីតាំងអំណោយផលក្នុង អភិក្រមអបធុរកិច្ច ដែលរាជរដ្ឋាភិបាល បានកំណត់យកជាអភិក្រម ធ្វើការរួមគ្នា ជាមួយផ្នែកឯកជន សំដៅជំរុញក្បាល ម៉ាស៊ីនកំណើន សេដ្ឋកិច្ចដើម្បីវិបុលភាពរួម ព្រមទាំងគោល នយោបាយវិនិយោគផ្តោត លើអភិក្រមផ្តល់កិច្ចសម្រួល វិនិយោគកាន់តែងាយស្រួល សាមញ្ញ ឆាប់រហ័ស, និង (៣) ការផ្តល់កញ្ចប់លើកទឹកចិត្ត វិនិយោគប្រកបដោយភាពឆ្លាតវៃ និងមានភាពប្រកួតប្រជែង ជាមួយនឹងឧត្តមភាព ប្រៀបធៀបខ្ពស់ នៅក្នុងតំបន់ ហើយថែមទាំងផ្តល់ នូវសេវាថែទាំគាំទ្រ វិនិយោគ ដ៏កក់ក្តៅជូនដល់វិនិយោគិន ថែមទៀតផង៕

To Top