កំពង់ធំ ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈកម្រិត១ លើមុខជំនាញ «ធុរកិច្ចភេសជ្ជៈ» ចំនួន៣០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភ ប្រចាំខែថែមទៀត ខណៈវគ្គបណ្ដុះបណ្ដាល នេះបើកទទួលពាក្យចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធី គោលនយោបាយបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួល បានចំណូលសមរម្យ។

លោក រិន វិទ្យាដារ៉ូ នាយករងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានឱ្យដឹងថា៖ «ជំនាញធុរកិច្ចភេសជ្ជៈ ជាមុខជំនាញដែលកំពុង មានតម្រូវខ្ពស់ ក្នុងទីផ្សារការងារ ដូច្នេះហើយទើបវិទ្យាស្ថានពហុបច្ចេក ទេសខេត្តកំពង់ធំខិតខំ រកគ្រូជំនាញផ្នែកនេះ ដើម្បីត្រៀមផ្ដល់ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ»។
លោកនាយករងបានបន្តថា បន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ សិក្ខាកាមអាចបើកជាអាជីវកម្មខ្លួនឯងបាន ប្រសិនបើមានទុនគ្រប់គ្រាន់ ព្រមទាំងអាចស្រូបទាញ ប្រាក់ចំណូលសមរម្យថែមទៀត។

បើតាមលោកនាយករងវិទ្យាស្ថាន ក្រៅពីជំនាញធុរកិច្ចភេសជ្ជៈ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក៏មានជំនាញជាច្រើន ទៀតដែរ ដែលផ្ដល់ការបណ្ដុះបណ្ដាល ដោយឥតគិតថ្លៃដូចគ្នា រួមមាន៖ (១).ជំនាញដំឡើងសរសៃដែក (២).ជំនាញការងារការ៉ូ (៣).ជំនាញជួសជុលទោចក្រយានយន្ត (៤).ជំនាញសេវាកម្មកុំព្យូទ័រ (៥).ជំនាញធ្វើម្ហូបខ្មែរ (៦).ជំនាញគេហកិច្ច (៧).ជំនាញកែច្នៃបន្លែ និងផ្លែឈើជាដើម។
សម្រាប់យុវជនគោលដៅទាំងពីរ ក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ធំ ដែលមានទីតាំងនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩២ ៦២ ៣២ / ០១៥ ៦៦ ៦១ ៥៥ / ០១២ ៣២ ៩៩ ៣៩ /០៣១ ៦៦៦៦ ១៥៥។
គួរបញ្ជាក់ដែរថា ក្រៅពីក្រុមយុវជន គោលដៅមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាល ពិសេសនេះ ក៏ស្វាគមន៍យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូល សិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ បានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕

