ព័ត៌មានជាតិ

ក្រសួងការងារ រង់ចាំការផ្តល់ព័ត៌មាន លម្អិត ពីអង្គការសង់ត្រាល់ លើទិន្នន័យ ដែលថាពលរដ្ឋខ្មែរ ៤៨នាក់ ចាញ់បោកក្រុមមេខ្យល់ ទៅធ្វើការនៅកូរ៉េ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរង់ចាំការផ្ដល់ព័ត៌មានលម្អិតពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ជុំវិញទិន្នន័យ ដែលថា ពលរដ្ឋខ្មែរចំនួន ៤៨នាក់ក្នុងចំណោម ៣០០នាក់ ចាញ់បោកក្រុមមេខ្យល់ ទៅធ្វើការ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជួយសង្រ្គោះជនរងគ្រោះ និងចាត់វិធានការ ទៅលើជនល្មើសឱ្យ បានទាន់ពេលវេលា។

លោក​ ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖«ក្រសួងស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការផ្តល់ព័ត៌មានរបស់អង្គការដៃគូ ដែលផ្សព្វផ្សាយអំពីជនរងគ្រោះ ដែលចាញ់បោកមេខ្យល់រឿង សន្យាទៅធ្វើការនៅប្រទេសកូរ៉េ ។ ការផ្សព្វផ្សាយនេះ ជាព័ត៌មានជ្រុងមួយ សម្រាប់ផ្ទៀងផ្ទាត់អំពីកម្រិតនៃការពិត និងពេលវេលា ដែលបានកើតឡើងថាជារឿងចាស់ ឬថ្មី ឬជារឿងប្រភេទណាមួយ»។

ជាមួយគ្នានេះ លោកបន្តថា ក្រសួងនៅរង់ចាំការ ផ្តល់ព័ត៌មានលម្អិត ពីអង្គការដៃគូ ចំពោះទិន្នន័យ ដែលថាពលរដ្ឋខ្មែរ ចំនួន៤៨នាក់ក្នុងចំណោម ៣០០នាក់ចាញ់បោកក្រុមមេខ្យល់សន្យា ទៅធ្វើការនៅប្រទេសកូរ៉េ។ ដោយមានសំណួរជាច្រើន ដែលត្រូវចោទសួរស្វែងយល់ដូចជា ប្រភពព័ត៌មាន ដែលច្បាស់លាស់ អត្តសញ្ញាណបងប្អូនទាំង ៤៨រូបមកពីភូមិឃុំណាខ្លះ បុគ្គលណាដែលចេញមុខបោកប្រាស់ពលរដ្ឋខ្មែរ ហើយម្នាក់ៗចាញ់បោកអស់ប្រាក់ប៉ុន្មាន និងវឌ្ឍនភាពនៃការជួយរបស់អង្គការ ដៃគូដល់ពលរដ្ឋរងគ្រោះជាដើម ។

ជាមួយព័ត៌មានទាំងអស់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរ និងផ្នែកពាក់ព័ន្ធផ្សេងទៀត អាចវែកមុខ និងស្វែងរកការពិតដែលឈានដល់ការលុបបំបាត់ដល់ឫសគល់នៃបញ្ហាព្រោះក្រសួងការងារដែលមានឯកឧត្តមរដ្ឋមន្ត្រីជាអ្នកដឹកនាំ មិនអនុញ្ញាតឱ្យមានរឿងនេះ កើតឡើងចំពោះពលរដ្ឋខ្មែរស្លូតត្រង់បានឡើយ ហើយក្រសួងមានឆន្ទៈក្នុងការ លុបបំបាត់ និងមិនអត់ឱនឱ្យបុគ្គល ក្រុមហ៊ុន សាលាបណ្តុះបណ្តាល សមាគម និងជនឆ្លៀតឱកាសណាម្នាក់រួចខ្លួន ក្រៅសំណាញ់ច្បាប់ឡើយ ។

លោក​ ស៊ុន មេសា សង្ឃឹមថា អង្គការដៃគូ នឹងចូលរួមសហការ ជាមួយក្រសួងប្រកបដោយ តម្លាភាព វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាលុប បំបាត់ឱ្យបាននូវអំពើឆបោកនេះ ដែលជាបំណងដ៏ពិសិដ្ឋ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

To Top