ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ។
នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានពិភាក្សាពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយឈរលើស្មារតីនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពអ្នកជិតខាងល្អ។
ប្រមុខការទូតទាំងពីរជួបគ្នានេះ បន្ទាប់ពីមេទ័ពកម្ពុជា-ថៃ បានពិភាក្សាគ្នា កាលពីល្ងាចថ្ងៃ២៩ ឧសភា ដោយលទ្ធផលគឺ ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឲ្យព្រំដែនប្រទេសទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
