ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ដែលជាអ្នកមើលថែទាំប្រាសាទ នាងសក់ក្រអូប ដែលតាំងខ្លួន ជាគ្រូបារមី ព្រះមាតានាគី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអាជ្ញាធរអប់រំ ណែនាំនិងឲ្យធ្វើកិច្ច សន្យាបញ្ឈប់សកម្មភាព ។

យោងតាមការផ្សាយ របស់ក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃ៣០ ឧសភា បានឲ្យដឹងថាលោក ជួន វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ សហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ បានចុះទៅណែនាំនិងធ្វើកិច្ចសន្យា ជាមួយលោកម៉េង សុវណ្ណ និង លោកស្រីសុខ សុម៉ាលី (ត្រូវជាភរិយា) ដែលនៅមើលថែប្រាសាទនាងសក់ក្រអូប អ្នកតាំងខ្លួនជាគ្រូបារមី ព្រះមាតានាគី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

២នាក់ប្តីប្រពន្ធនេះ បានបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្ដាញសង្គមនានា ។ ក្នុងនោះលោក ជួន វ៉ាន បានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបង្ហោះនិងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ចាក់សាក់ ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធ បណ្ដាញសង្គមទាំងអស់៕

