ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបដិសេធនិងទាត់ចោល ចំពោះការចោទប្រកាន់នានា ពីក្រុមប្រឆាំង នៅក្រៅប្រទេសថា លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានការជាប់ពាក់ព័ន្ធ ទៅនឹង សកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ។
ការលើកឡើងរបស់លោក ទូច សុឃៈ បន្ទាប់ពីក្រុមប្រឆាំង បានលើកឡើងថា លោកបណ្ឌិតស សុខា គឺជាភ្នាក់ងារកណ្តាល នៃមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកសកល។
ចំពោះការចោទប្រកាន់នេះ តាមរយៈសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃ៣០ ឧសភា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបថា ជារឿងមិនពិតនោះទេ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ។ ជាមួយគ្នានេះដែរ លោកទូច សុឃៈ ក៏បានស្នើឲ្យអ្នកសារព័ត៌មាន និងសាធារណជននានាកុំជឿ លើព័ត៌មានបែបញុះញង់គ្មានការពិតនេះ។
លោកគូសបញ្ជាក់ថា “ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដើម្បីឲ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះ កើតឡើងជាដើម ។ ក្នុងនោះគឺយើងខ្ញុំសូមទាត់ចោល ច្រានចោលគឺមិនអាចទទួល យកបានជាដាច់ខាត” ។
ការប្រកាសទាត់ចោលពីសំណាក់លោកទូច សុឃៈនេះ ដោយសារលោកអះអាងថា ព្រោះឧបនាយករដ្ឋមន្រ្តី ស សុខា គឺជាអ្នកដែលមានឆន្ទះមុះមុតក្នុងការបង្ក្រាប នូវរាល់សកម្មភាពបទល្មើសទាំងការជួញដូរមនុស្ស និងការឆបោក តាមអនឡាញ។
សូមបញ្ជាក់ថា សកម្មជន របស់មេឧទ្ទាមក្រៅច្បាប់មួយរូប ដែលមានឈ្មោះថា ឆាំ ឆានីរាល់ថ្ងៃកំពុងរស់នៅ បរទេសបានបង្ហោះក្នុងហ្វេសប៊ុកខ្លួនថា “វិទ្យាស្ថានស្រាវជ្រាវបស្ចិមប្រទេស ដែលមានទីស្នាក់ការនៅប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ឈ្មោះ Humanity Research Consultancy រកឃើញថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជាភ្នាក់ងារកណ្តាលនៃមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកសកល ដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនជនជាតិចិន ខណៈឧកញ៉ា ទ្រី ភាព និងឧកញ៉ា លី យ៉ុងផាត់ ជាអ្នកប្រតិបត្តិការ ក្នុងឧក្រិដ្ឋកម្មឆបោកនេះដោយផ្ទាល់”៕
