ព័ត៌មានជាតិ

ប្រទេសទួរគីយ៉េ បង្ហាញពីចំណាប់អារម្មណ៍​ ចូលរួមចំណែកជាមួយកម្ពុជា ដល់កិច្ចជួយសង្រ្គោះ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េ ប្រចាំកម្ពុជា និងលោក Burak Saritarla អ្នកសម្របសម្រួលថ្នាក់តំបន់ នៃទីភ្នាក់ងារសម្របសម្រួល និងកិច្ចសហប្រតិបត្តិការទួរគីយ៉េ (TIKA) ប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានបំណងចូលរួម ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ។

ក្នុងជំនួបពិភាក្សានេះ លោកស្រី Ülkü Kocaefe បានបង្ហាញពីចំណាប់អារម្មណ៍ របស់ប្រទេសទួរគីយ៉េ ដើម្បីចូលរួមចំណែកជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងនោះរួមមានការផ្តល់អវយវៈសិប្បនិម្មិតដល់ជនមានពិការភាព ជាដើម។ ជាមួយគ្នានោះ លោកស្រី ឯកអគ្គរដ្ឋទូត បានស្នើសុំឱ្យមានកិច្ចសហការពីអាជ្ញាធរមីនក្នុងការផ្តល់ការគាំទ្រ ដល់ទីភ្នាក់ងារ TIKA និងសម្របសម្រួលជាមួយ គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកម្មវិធី របស់ខ្លួនទទួលបានជោគជ័យ។

លោកទេសរដ្ឋមន្រ្តី លើកឡើងថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធាន អាជ្ញាធរមីន មិនត្រឹមតែគ្រប់គ្រង និងសម្របសម្រួលលើកិច្ចការបោសសម្អាតមីន ប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ក្នុងការសម្របសម្រួល លើកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍របស់ពួកគាត់ ផងដែរ។

លោកទេសរដ្ឋន្រ្តី បន្តទៀតថា ពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជា មានមជ្ឈមណ្ឌលផ្តល់សេវាស្តារនីតិសម្បទាចំនួន ១១ កំពុងផ្តល់ឧបករណ៍សិប្បនិម្មិត ការព្យាបាលដោយចលនា និងការបណ្តុះបណ្តាលស្តារនីតិសម្បទាដោយឥតគិតថ្លៃ។ ជាងនេះទៅទៀត អាជ្ញាធរមីន ក៏បានកសាង នូវបណ្តាញអ្នកស្ម័គ្រចិត្តជនរងគ្រោះ នៅទូទាំងប្រទេសកម្ពុជា ក្នុងការសម្របសម្រួល និងគ្រប់គ្រងនូវព័ត៌មាន ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនេះ ជាពិសេសការផ្តល់សេវាខិតឱ្យ កាន់តែជិតដល់ សហគមន៍ជនរងគ្រោះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រទេសទួរគីយ៉េ តាមរយៈស្ថានទូតទួរគីយ៉េ ប្រចាំកម្ពុជា ដែលបានពិចារណាចូលរួមជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះ។ លោក បន្តទៀតថា អាជ្ញាធរមីន សូមលើកទឹកចិត្តដល់ទីភ្នាក់ងារ TIKA ព្រមទាំងសន្យា ផ្តល់ការគាំទ្រ ការសម្របសម្រួល និងផ្តល់លទ្ធភាពងាយស្រួល គ្រប់បែបយ៉ាង សម្រាប់កម្មវិធីមនុស្សធម៌នេះ៕

To Top