ព័ត៌មានជាតិ

ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម នាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ ៨០គ្រួសារ នៅស្រុកស្រីសន្ធរ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសហការី ជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់ជនងាយរងគ្រោះខ្វះខាតជីវភាពចំនួន ៨០គ្រួសារ មកពី ៥៦ភូមិ នៃ១៤ឃុំ ក្នុងស្រុកស្រីសន្ធរ។

ពិធីនេះបានធ្វើឡើងនៅបរិវេណ មុខសាលា ស្រុកស្រីសន្ធរ ដោយមានពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ៤២ គ្រួសារ ជនមានពិការភាព ១០ គ្រួសារ មានជំងឺប្រចាំកាយ ១០គ្រួសារ និងទ័លលំបាក ១៨ គ្រួសារ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា    បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ  ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងដោយក្តីអាណិតអាសូរ ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនាអ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយ សម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូlប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ដើម្បីឲ្យមានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូនជនងាយរងគ្រោះ ទាំង៨០ គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មី ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០ កំប៉ុង , ឃីត ១កញ្ចប់ និង ថវិកា ៥០,០០០ រៀល ៕

To Top