ព័ត៌មានជាតិ

លោក ជា ធីរិទ្ធ ៖ គណបក្សប្រជាជនកម្ពុជា កំពុងសិក្សាស្រាវជ្រាវ ធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បាននិងកំពុងឲ្យក្រុមការងារ និងអ្នកជំនាញពាក់ព័ន្ធសិក្សាស្រាវជ្រាវផ្នែកច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតព្រឹទ្ធសភា ។

លោក ជា ធីរិទ្ធបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសម្ព័ន្ធគណបបក្សទាំង២៩ នៅព្រឹកថ្ងៃ៣០ ឧសភាថា ជាមួយនឹងគម្រោងសិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភានេះ សម្តេចតេជោហ៊ុន សែន ដែលជាប្រធានគណបក្ស ប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាចង់គឺថា សម្តេចចង់ ឲ្យធ្វើវិសោធនកម្មនេះ ដើម្បីគោលដៅពង្រីក និងបង្កើននូវគណនេយ្យភាព រវាងសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោត ឲ្យមានការទទួលខុស ត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ ។

លោកបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជាកំពុងតែសិក្សាស្រាវជ្រាវ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នៅពេលខាងមុខ ។ ឥឡូវនេះយើងកំពុងតែសិក្សាស្រាវជ្រាវ ហើយក៏ចង់ បានយោបល់បន្ថែម ពីបណ្តាគណបក្សដែលជាសម្ព័ន្ធភាពដែរ ដើម្បីធ្វើសយ៉ាងណាឈាន ទៅដល់ការធ្វើវិសោធនកម្ម នៃច្បាប់ទាក់ទងទៅនឹង ការបោះឆ្នោតព្រឹទ្ធសភា”។

លោកបន្តថា ចំពោះគម្រោងវិសោធនកម្មនេះ គោលបំណងសំខាន់បំផុត មិនចង់ឲ្យសមាជិកព្រឹទ្ធសភាទំនេរទេ គឺធ្វើយ៉ាងណា ឲ្យពួកគាត់កាន់តែសកម្មភាព ជាមួយពលរដ្ឋ។

ចំពោះគម្រោងវិសោធនកម្មនេះដែរ លោកអះអាងថា ខាងគណបក្សមិនទាន់កំណត់ថា នឹងវិសោធនកម្ម នៅមាត្រាណាមួយនៅឡើយទេ គឺក្រុមការងារជំនាញ របស់គណបក្ស នឹងធ្វើការសិក្សានាពេលខាងមុខ ៕

To Top