ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនបុរសម្នាក់ដែលបាន ពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ ។
ការឃាត់ខ្លួននេះ ក្រោយពីឃើញស្រ្តីម្នាក់បង្ហោះក្នុងហ្វេសប៊ុកថា បុរសម្នាក់នេះ បានប្រើប្រាស់ហិង្សាលើខ្លួនអស់រយៈពេលជាង១ឆ្នាំមកនេះ ក្រោយពីរួមរស់ជាមួយគ្នា ដោយមិនបានរៀបការត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ។ តាមការពិនិត្យភិនភាគនិងអត្តសញ្ញាណ បុគ្គលនោះមិនមានឈ្មោះក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។
បន្ទាប់ពីឃើញបែបនេះ កងរាជអាវុធហត្ថ បានបើកការស៊ើបអង្កេតនិងស្រាវជ្រាវ លុះដល់ម៉ោង ១៣និង២០នាទីថ្ងៃខែដដែល ទើបធ្វើការឃាត់ខ្លួនបុគ្គលនេះ។ បច្ចុប្បន្នបុគ្គលសង្ស័យត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកំពុងបន្តអនុវត្តតាមនីតិវិធី៕



