ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរណ៍ យានយន្តគ្រប់ប្រភេទ ជុំវិញរូបសំណាក់លោកយាយពេញ នៅថ្ងៃ១ មិថុនា ក្នុងពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វេីការបញ្ចៀសចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ “ ១ម៉ឺនរៀល ១ម៉ឺននាក់ – ឆ្នាំ២០២៥ នៅបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ដើម្បីឱ្យពិធីបើកយុទ្ធនាការខាងលើ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់លោកយាយពេញ ខាងត្បូងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមឱ្យប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

To Top