កំពង់ចាម ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយសហការី និងព្រះសង្ឃផង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បាននិមន្ត និង អញ្ជើញ ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនដល់ទុគតជនមានពិការភាព មាន ឈ្មោះ ព្រំ ស្រឿន អាយុ ៤៥ឆ្នាំ រស់នៅ ភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ។

បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាមបានឲ្យដឹងថា ជនមានពិការភាព រូបនេះ រស់នៅជាមួយកូនប្រុសពៅ អាយុ ៦ឆ្នាំ ទេ ក្រោយពេលដែលប្រពន្ធ នាំកូន ២នាក់ចាកចោលគាត់ ដោយមូលហេតុថា ទៅរកលុយសងបំណុលគេ ។

លោក ទូច ឆៃ បានឲ្យដឹងទៀតថា ឈ្មោះ ព្រំ ស្រឿន ជាកម្មករជៀរជ័រនៅមណ្ឌលគិរី ជាអកុសល គាត់រអិលជើងធ្លាក់បាក់ឆ្អឹងចង្កេះ ក្លាយជាជនពិការដល់សព្វថ្ងៃ ដោយគាត់រស់នៅក្នុងកូនខ្ទមតូចមួយ ដែលដំបូលនិងជញ្ជាំងបិទបាំងដោយសង្កសីចាស់ៗ ធ្លុះធ្លាយដោយអន្លើ ។សព្វថ្ងៃ ងើបមិនរួច ហើយធ្វើអ្វីក៏មិនកើត រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌ ក្រ១ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងប៉ុណ្ណោះ ។
ប៉ុន្តែបន្ទាប់មក តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើ សុំបិណ្ឌបាត្រពីព្រះអនុគណស្រុក និងដោយមើលឃើញពីស្ថានភាពដ៏លំបាកនេះ ទើប លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយ បង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១៣,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ សាលាអនុគណ អនុសាខាស្រុក ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជន ជូនទុរគតជនមានពិការភាពរូបនេះ សម្រាប់ស្នាក់នៅ តទៅ។ ជាមួយគ្នានោះ ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាខេត្ត បានផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ ជូន ទុរគតជនជរារូបនេះ សម្រាប់សង្កត់ផ្ទះថ្មី រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១១នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និងអាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕
