ស្ទឹងត្រែង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា កងទ័ពជាខឿនការពារជាតិដ៏រឹងមាំ មិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព នឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ។

ការថ្លែងរបស់លោក ឃួង ស្រេង ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសដែលលោក និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រី ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សម្ព័ន្ធមេត្រី ជាមួយរដ្ឋបាលរាជធានីភ្នំពេញ មានបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩ , កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។

លោក ឃួង ស្រេង បានលើកឡើងថា កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយ កងទ័ពនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ និងបានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេស របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការពង្រាយ
កងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីការពារបូរណភាពទឹកដី ពីការរំលោភឈ្លានពាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រី ជាមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយនេះ គឺបានមកពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ក្នុងនោះ លោក ឃួង ស្រេង និងលោកស្រី ក៏បានចូលបុណ្យសព លោកព្រិន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ នូវបច្ច័យបុណ្យចំនួន ១០លានរៀលផងដែរ ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានគូសបញ្ជាក់ថា តាមរយៈការចងសម្ព័ន្ធមេត្រីជាមួយ បានធ្វើឱ្យទំនាក់ទំនងរវាង អង្គភាពជួរមុខកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែងនិងរដ្ឋបាលរាជធានីភ្នំពេញកាន់តែប្រសើរឡើង មានសាមគ្គីភាព មិត្តភាព កាន់តែជ្រាលជ្រៅនិងស្និតស្នាលដូចទឹកនិងត្រី ដែលធ្វើឱ្យកងទ័ពយើងកាន់តែមានភាពមុះមុត ក្នុងការ ការពារជាតិមាតុភូមិ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ មៀច សាមុត បានប្តេជ្ញាការពារសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ។ ប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដោយលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ គ្មានអំពើហិង្សា ក្នុងអាណត្តិទី៧នេះ។ ប្តេជ្ញា ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួកអគតិ ដែលគិតមិនល្អលើរាជរដ្ឋាភិបាល។ ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណា ដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្តេជ្ញា កម្ទេសចោលរាល់ជនណាមួយ ដែលបង្កអស្ថេរិភាពនៅក្នុងប្រទេសកម្ពុជា។ ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាម មានឧបាយកលធ្វើបដិវត្តន៍ពណ៌ និងគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែ បន្តធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៨ និងអាណត្តិក្រោយៗទៀត ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូន កងទ័ពនៅពេលនេះ រួមមាន៖១-កងពលធំអន្តរាគមន៍លេខ៣ ឧបត្ថម្ភជូនថវិកា ចំនួន៤០សិបលានរៀល ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ ចំនួន៥០% ចំនួន១៤.៤០០ដុល្លារ ជាមួយនិងសម្ភារ និងគ្រឿងឧបភោគបរិភោគ, ២- កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០សិបលានរៀល, វ រសេនាតូចលេខ ៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង១វរៈ ថវិកាចំនួន២០លានរៀល, កសាងលេណដ្ឋានអក្សរ A ចំនួន ១០ អស់ថវិកាចំនួន ២ម៉ឺនដុល្លារជាមួយ និងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ, ៣- វរនគរបាលការពារព្រំដែន៧៩៣ឧបត្ថម្ភជូនថវិកាចំនួន ដប់លានរៀល និងជួយជីកស្រះទឹក ចំនួន២កន្លែង អស់ថវិកាចំនួន ២០លានរៀល ព្រមទាំងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ។ ៤- យោធភូមិភាគ១ ថវិកា ចំនួន ៥លានរៀល ។

៥- កងពលតូចអន្តរាគមន៍លេខ ១២៨ឧបត្ថម្ភជូនថវិកា ចំនួន៤០លានរៀល,វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន៥ វរសេនាតូច ក្នុង ១វរៈ ឧបត្ថម្ភថវិកា ចំនួន ២០លានរៀល និងបានសាងសង់ផ្ទះ និងឃ្លាំងដាក់អាវុធ និងគ្រាប់(លើកទី២បញ្ចប់) ថវិកាចំនួន៥៦.៦៩៥ដុល្លារ ព្រមទាំងឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ។ ៦- តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២លានរៀល)។ ៧- បុគ្គលិកមន្ទីរពេទ្យ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ។ ៨- វត្តនៅជិតភូមិសាស្ត្រ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៥វត្ត ក្នុង ១វត្ត ប្រគេន អង្ករ ចំនួន ១០០ គីឡូក្រាមនិងបច្ច័យ ចំនួន ២លានរៀល និង ៩- វត្ត រតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ប្រគេនអង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ៤លានរៀល។


បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភ ចំពោះមេទាហាន មេនគរបាល ចំនួន ១៦៨៧នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ។ ពលទាហាន ចំនួន ៤៣០នាក់ ដោយម្នាក់ៗ ទទួលបានចំនួន ៥ម៉ឺនរៀល ។សរុបទាំងមេទាហាន មេនគរបាល និងពលធាហាន ពលនគរបាល ចំនួន ៥.៩៩៧នាក់ ស្មើថវិកា ៣៨៤.២០០.០០០រៀល ។ សរុបទាំងថវិកា និងសម្ភារៈ ចំនួន ៣៨ម៉ឺន៤ពាន់ដុល្លារ ស្មើ ១.៥៣៦.៦៨៧.០០០រៀល៕








