ភ្នំពេញ៖ គណៈប្រតិភូកាណាដា ដែលមានទាំងអ្នកវិនិយោគ និងអ្នកជំនាញ បានបង្ហាញការស្ញប់ស្ញែង មិននឹកស្មានថា ប្រទេសកម្ពុជា អាចសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងកម្រិត 4F ជាពិសេសក្នុងគុណភាពខ្ពស់ ។

ការបញ្ជាក់ស្ងប់ស្ងែងរបស់គណៈប្រតិភូ កាណាដា ខាងលេីនេះធ្វេីឡេីងក្នុងឱកាសលោក Louis- Thomas Laurin ប្រធាន សភាពាណិជ្ជកម្មកាណាដា ចុះទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍន ភាព នៃដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងស្វែងរកឱកាសក្នុងការវិនិយោគ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ។

ក្រោយបញ្ចប់ដំណេីរទស្សនកិច្ចខាងលេី នេះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាចនិយាយបានថា ប្រហែលជាបាន៨០ភាគរយហើយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានមកភ្ជាប់ប្រព័ន្ធហោះហើររួចរាល់ នៅព្រលានយន្តហោះអន្ដរជាតិតេជោ ហើយនឹងកំពុងតែធ្វើតេស្ដជាបណ្ដើរៗខណៈដែលក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នឹងចូលរួមមកអាកាសយានដ្ឋានអន្ដរជាតិតេជោ ដើម្បីភ្ជាប់ប្រព័ន្ធ នៅពេលដែលភ្ជាប់ប្រព័ន្ធរួចរាល់ នឹងអាចដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់ បា នបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះការសាងសង់បានបញ្ចប់ ប្រមាណជាង៩៦%ហើយ ដែលគ្រោងនឹងបើកឱ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ ក៏បានឱ្យដឹងថា បន្ទាប់ពីទស្សនកិច្ចរួច គណៈប្រតិភូកាណាដា ដែលមានទាំងអ្នកវិនិយោគ និងអ្នកជំនាញផងនោះ បានបង្ហាញការស្ញប់ស្ញែង មិននឹកស្មានថា ប្រទេសកម្ពុជា អាចសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងកម្រិត 4F នោះទេ ជាពិសេសក្នុងគុណភាពខ្ពស់ ខណៈដែលគណៈប្រតិភូកាណាដា មានបំណងនៅថ្ងៃអនាគត នឹងស្វែងរកការវិនិយោគ ទាំងក្នុងអាកាសយានដ្ឋាននេះ និងខាងក្រៅផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២.៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១ ៥០០ លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕
