ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍កើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រ ពីក្រុមនិយមជ្រុល របស់ថៃផងដែរ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាបពីមានក្រុមជ្រុលនិយមថៃចូលមកជេរប្រមាថសម្ដេច នៅក្នុងបណ្ដាញសង្គម Facebook ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារ វាងកងទ័ពប្រទេសទាំងពីរ។

សម្ដេចលើកឡើងទៀតថា ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ ដែលកងទ័ពកម្ពុជា កំពុងឈរជើង។
ដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ៣ចំណុច ដូចខាងក្រោម៖
១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។
២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។
៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ ទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ព ចេញទឹកដីខ្លួនឯងបានទេផ្ទុយទៅវិញ ឯកឧត្តមត្រូវដកកងទ័ពឈ្លានពាន របស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។

សូមរំលឹកថា កាលពីព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមទាហានថៃបានឆ្មក់វាយប្រហារ មកលើកងកម្លាំងការពារព្រំដែនកម្ពុជា បណ្ដាលឱ្យព្រិន្ទបាលឯក សួន រ៉ោន ត្រូវបានពលី ដោយសារការចិញ្ចឹមចិត្ត ឈ្លានពានមកលើទឹកដីកម្ពុជា ពីសំណាក់ភាគីថៃមួយចំនួននេះ៕
