ព័ត៌មានជាតិ

សម្តេចធិបតី៖ ជប៉ុន បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ដោយភាគីជប៉ុន បានចូលរួមចំណែក យ៉ាងសំខាន់ ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់ អាហារូបករណ៍ ដល់និស្សិតកម្ពុជា ។

ការថ្លែងរបស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងក្នុងកា ដែលសម្តេច បានជួបពិភាក្សាការងារ ជាមួយ លោក SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាកិច្ចចាប់ផ្ដើម លោក SEKIGUCHI Masakazu បានកោតសរសើរការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច។

លោក បានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុននិងកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ រហូតត្រូវបានដំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣។

ក្នុងនោះលោកប្តធាន ក៏បានបង្ហាញជំនឿជឿជាក់ថា ទស្សនកិច្ចរបស់សម្ដេចធិបតី នាពេលនេះ នឹងរួមចំណែកពូនជ្រំទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។

បន្ថែមលេីនេះ លោកប្រធានព្រឹទ្ធសភា បានប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ ពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដោយក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី៧២ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

សម្ដេចធិបតី ក៏បានរំឭកពីតួនាទីយ៉ាងសំខាន់ របស់ជប៉ុនក្នុងដំណើរស្វែងរកសន្ដិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។

ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

ក្នុងវិស័យអប់រំ ភាគីជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ហើយនិស្សិតមួយចំនួន ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន បាននិងកំពុងកាន់តួនាទីសំខាន់ៗនៅក្នុងរាជរដ្ឋាភិបាល។

សម្ដេចធិបតី និងលោកប្រធានព្រឹទ្ធសភា បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួន រួមមាន៖ ការពារជាតិ សន្តិសុខ ការបោសសម្អាតមីន ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។

សម្ដេចធិបតី បានគូសបញ្ជាក់ពីការ យកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាស អំណោយផលដល់ការវិនិយោគ របស់វិស័យឯកជន រួមទាំងវិនិយោគិនជប៉ុន។ ដោយឡែកលោកប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះវិនិយោគិនជប៉ុន នៅកម្ពុជា៕

To Top