ព័ត៌មានជាតិ

សម្តេចធិបតី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ” កម្ពុជា-ជប៉ុន ឱ្យកាន់ស៊ីជម្រៅ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាថា នឹងបន្តពូនជ្រំទំនាក់ទំនង និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសកម្ពុជា និង្រទេសជប៉ុន ឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត។

ការថ្លែងរបស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងក្នុងកា សដែលសម្តេច បានជួបពិភាក្សាការងារ ជាមួយ លោក NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសទស្សនកិច្ច ការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនេះ លោក NUKAGA Fukushiro ប្រធានរដ្ឋសភា បានគូសបញ្ជាក់ ពីបំណងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។

លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ និងគាំទ្រ ចំពោះគ្រប់សកម្មភាពទាំងឡាយ ដែលរួមចំណែក ដល់ការជំរុញចំណងមិត្តភាព ប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបង្កបរិយាកាសអំណោយផល ចំពោះវិនិយោគិនជប៉ុន នៅក្នុងប្រទេសកម្ពុជា ។

លោក NUKAGA Fukushiro មានជំនឿជឿជាក់ថា តាមរយៈទស្សនកិច្ចរបស់សម្ដេចធិបតី នាឱកាសនេះ ទំនាក់ទំនង ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន នឹងកាន់តែមានភាពស៊ីជម្រៅថែមទៀត។

ជាការឆ្លើយត ប សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា នាពេលកន្លងមកនេះ គឺមិនអាចកាត់ផ្ដាច់ ចេញពីការរួមចំណែក និងការគាំទ្ររបស់ប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផង ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការស្វែងរកសន្តិភាព និងកសាង អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នាពេលកន្លងមក ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងជំរុញ“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី និងលោកប្រធានរដ្ឋសភា បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។

លោកប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ សម្ដេចធិបតី ដែលបានអនុញ្ញាត ឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ៕

To Top