ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីជប៉ុន ចាត់ទុកការឱ្យនាវាជើងទឹកជប៉ុន ចូលចតនៅកំពង់ផែរាម ស្របនឹងគោលនយោបាយបើកចំហ​ របស់កម្ពុជា

ភ្នំពេញ៖ លោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត ឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលស្របទៅនឹងគោលនយោបាយ នៃការបើកចំហ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការលេីកឡេីងរបស់លោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ធ្វេីឡេីងក្នុងពេលជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេច ទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនេះ លោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា មានភាពរីកចម្រើនជាលំដាប់ និងរួមចំណែក ដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជប៉ុននិងកម្ពុជា បានសហការគ្នា ក្នុងការបណ្តុះបណ្តាល លើការដោះមីនមនុស្សធម៌ សម្រាប់អ្នកដោះមីនអ៊ុយក្រែន។

លោកនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត ឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ដែលស្របទៅនឹងគោលនយោបាយ នៃការបើកចំហ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា មកដល់បច្ចុប្បន្ន។

សម្ដេចធិបតី បានថ្លែងបន្តថា ក្នុងរយៈពេល ៧២ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹង និងពង្រីកស្ទើរគ្រប់វិស័យ។ ការដំឡើងកម្រិត ទំនាក់ទំនងទ្វេភាគីដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំ២០២៣ គឺជាសក្ខីភាពនៃភាពជឿទុកចិត្ត រវាងប្រទេសទាំងពីរ។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សាអំពីអាទិភាព នៃ កិច្ចសហប្រតិបត្តិការ សម្រាប់ប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, សន្តិសុខ និងការពារជាតិ, ហិរញ្ញវត្ថុ និងធនាគារ, ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់, បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប័រ, ថាមពលស្អាត, ព្រមទាំងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ, ទេសចរណ៍, និងការហោះហើរត្រង់៕

To Top