ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងឱ្យដឹងថា កន្លែងទាហានឈ្លានពានថៃ លួចឆ្មក់បាញ់ទាហានខ្មែរ បណ្តាលឱ្យបាត់បង់ជីវិត គឺជាដែន អធិបតេយ្យភាព របស់ខ្មែរ ហើយទីតាំងនេះ ត្រូវបានទាហានខ្មែរ ដណ្តើមបានមកវិញហើយ ។
ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុនប្រមាណ ១ ៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា«កន្លែង ដែលទាហានឈ្លានពានថៃ លួចឆ្មក់បាញ់ទាហានខ្មែរ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ត្រូវបានទាហានខ្មែរ យើងដណ្តើមទីតាំងបានមកវិញហើយ ខណៈទីតាំងនេះគឺជាដែនអធិបតេយ្យភាពរបស់ខ្មែរ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបន្ថែមថា «ការបោះបង្គោលខណ្ឌសីមាព្រំដែន យើងត្រូវការគណៈកម្មាធិការព្រំដែន រវាងប្រទេសទាំងពីរ ហើយយោធា ឬកងទ័ព មិនអាចកំណត់ព្រំដែន តាមរយៈកងកម្លាំងវ៉ៃគ្នានោះទេ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបន្តថា «បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលយើងត្រូវអត់ធ្មត់ ខិតខំប្រឹងប្រែង ដោះស្រាយតាមផ្លូវច្បាប់ និងផ្លូវការទូត» ៕
