ព័ត៌មានជាតិ

សម្តេចបវរធិបតី អំពាវនាវដល់ពលរដ្ឋ និងកងទ័ព កុំថតបង្ហោះការចល័តកងទ័ព លើបណ្ដាញសង្គម

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេកងទ័ព កុំថតបង្ហោះនូវការចល័តកងទ័ព ការត្រៀមយុទ្ធោបករណ៍ (សម្ភារយោធា)នានា នៅលើបណ្ដាញសង្គមនានា ព្រោះនេះជាការសម្ងាត់ របស់កងទ័ព ។

ការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

បើតាម សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា ការថតបង្ហោះអំពីស្ថានភាព ទីតាំង ឬចល័តទ័ពរបស់កម្ពុជា ស្មើនឹងឱ្យភាគីម្ខាងទៀតអង្គុយរាប់ទៅហើយ មិនចាំបាច់ស៊ើបសង្កេតឡើយ ព្រោះថា កាំភ្លើងនីមួយៗសុទ្ធតែមាន GPS។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ចឹងខ្ញុំ សូមអំពាវនាវឱ្យបងប្អូន ជាពិសេសកងទ័ពរបស់យើង ព័ត៌មាន ព្រោះឥឡូវទ័ពនីមួយៗ សុទ្ធស្មាតហ្វននៅព្រំដែន។ ព្រំដែនរបស់យើង កន្លែងច្រើនសុទ្ធតែមាន 3G 4G ការបង្ហោះព័ត៌មានអីនេះ។ ម្សិលមិញ ថៃ ក៏មានការណែនាំ មិនឱ្យបញ្ចេញសព្វាវុធ។ រឿងគោលការណ៍កងទ័ពលាក់ការ ទីតាំងឈរជើង អាវុធ សម្ភារ។ ប៉ុន្ដែដើម្បីអីបងប្អូន យើងត្រៀមលក្ខណៈដើម្បីអី គោលដៅធំរបស់យើង ទីមួយ ការពារអធិបតេយ្យភាព បូរណភាពរបស់យើងគ្រប់វិធីវិសាស្ដ្រ ដើម្បីបញ្ជៀសពីសង្គ្រាម តែយើងត្រូវការពារទឹកដី តែជៀសមិនបាន ត្រូវវ៉ៃឱ្យឈ្នះ ហើយការពារអាយុជីវិតទាហានរបស់យើងឱ្យបាន នេះជាគោលដៅរបស់យើង»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា តួនាទីភារកិច្ច របស់កងទ័ពខុសៗគ្នា កងទ័ពសម្រាប់វ៉ៃលុក ថ្មើរជើង កងទ័ពសម្រាប់ឧបត្ថម្ភគ្រប់គ្រងស្បៀងអាហារ កងទ័ព សម្រាប់អន្តរាគមន៍។ រាជរដ្ឋាភិបាលបានគិតគូរ ចំពោះសុខទុក្ខកងទ័ព តាំងពីដើមតរៀង មករហូតដល់បច្ចុប្បន្ន៕

To Top