ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងឱ្យដឹងថា ម៉ោងនេះ គឺជាម៉ោង ដែលយើងត្រូវរួបរួមគ្នា ដើម្បីលើកទឹកចិត្កកងទ័ព ដែលប្តូរផ្តាច់ការពារបូរណភាពទឹកដី ខណៈទាហានមានទឹកចិត្ត នៅពេលដែលឃើញប្រជាជន នៅខាងក្រោយ គាំទ្រពួកគាត់ការពារទឹកដី ។
ក្នុងឱកាសអញ្ជើញជួប សំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ថា «តម្លៃនៃការ ចូលរួមគាំទ្រ របស់បងប្អូន សម្រាប់អារម្មណ៍ ទឹកចិត្តទាហាន យើងធំណាស់ តម្លៃកាត់ថ្លៃមិនបានទេ ។ តម្លៃជាសម្ភារ ជាថវិកាយើងវាស់បាន ប៉ុន្តែអ្វីដែលសំខាន់ ទាហានយើងមានទឹកចិត្ត នៅពេលដែល ឃើញប្រជាជន យើងនៅខាង ក្រោយគាំទ្រ ពួកគាត់ការពារទឹកដី ។ ពេលដែលទាហានចេញច្បាំង ច្បាំងដើម្បីការពារទឹកដីទាំងអស់គ្នា មិនមែនការពារបក្សណា ឬរដ្ឋាភិបាល បក្សប្រជាជននោះទេ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ម៉ោងនេះគឺជាម៉ោង ដែលយើងត្រូវរួបរួមគ្នា ហើយដើម្បីកងទ័ពយើងទាំងអស់គ្នា និងដើម្បីលើកទឹកចិត្កកងទ័ពយើងដែលប្តូរផ្តាច់ ការពារបូរណភាពទឹកដីយើង»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «បើយើងវ៉ៃ គឺយើងវ៉ៃឱ្យឈ្នះ! អ្វីដែលសំខាន់គឺទឹកចិត្តកងទ័ព»៕
