ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ប្រាប់កងទ័ពជួរមុខថា រាជរដ្ឋាភិបាល និងប្រជាជន យើងទូទាំងប្រទេស នៅជាមួយបងប្អូន ដើម្បីការពារទឹកដី របស់យើង

ភ្នំពេញ ៖ ថ្លែងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់កងទ័ពជួរមុខថា រាជរដ្ឋាភិបាល និងប្រជាជនយើងទូទាំង ប្រទេសនៅជា មួយបងប្អូន ដើម្បីការពារទឹកដី របស់យើង ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តីបាន ថ្លែងអំណរគុណ ចំពោះទឹកចិត្តស្នេហាជាតិ និងការត្រៀមលក្ខណៈរបស់កងទ័ពជួរមុខក្នុងការការពារទឹកដី ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា «ខ្ញុំសូមអរគុណណាស់ ចំពោះទឹកចិត្តស្នេហាជាតិ និងការត្រៀមលក្ខណៈ របស់បងប្អូន ដាច់ខាតក្នុងការការពារទឹកដី ហើយសូមជូនពរ បងប្អូនទាំងអស់នៅទីនោះ ។ បងប្អូនមានរាជរដ្ឋាភិបាល និងប្រជាជនយើងទូទាំងប្រទេស នៅជាមួយបងប្អូនលើកទឹកចិត្ត និងចូលរួមជាមួយបងប្អូន ដើម្បីការពារទឹកដីរបស់យើង»។

សម្ដេចនាយករដ្ឋមន្រ្តី បានប​ន្តអំពាវនាវ ដល់គណបក្ស នយោបាយ ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព សូមរួមគ្នាដើម្បីលើកទឹកចិត្ត កងទ័ពជួរមុខ ។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា «អ្នកដែលស្រឡាញ់កងទ័ព ស្រឡាញ់អាយុជីវិត របស់កងទ័ព គ្រួសារទ័ពដែលព្រួបារម្ភ អំពីជីវិតប្ដី ជីវិតឪពុក ជីវិតបងប្អូនដែលនៅជួរមុខ សូមរួមគ្នាដើម្បី លើកទឹកចិត្តកងទ័ពយើង។
ម៉ោងដែលគិតគូរធំ គឺការពារបូរណភាពទឹកដី និងការពារទឹកដីរបស់យើង ការពារអាយុជីវិតទ័ព របស់យើងនេះគឺ ជាកិច្ចការសំខាន់ ។ កុំឱ្យបែកអារម្មណ៍រួមគ្នាទៅស្នេហាជាតិ ពេលនេះជាពេលដែលត្រូវបង្ហាញហើយ»៕

To Top