កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២៥ នេះបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៦ នៃទិវាកុមារអន្តរជាតិ ១មិថុនា ២០២៥។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្ត សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញា ស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ខាងការងារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍ អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងៗទៀត។

លោកអភិបាលខេត្ត បានបន្តថា មនុស្សជាតិបានចងចាំនូវព្រឹត្តិការណ៍ នៃវិនាសសកម្មដែលពួកហ្វាសស៊ីសអីត្លែបានកាប់សម្លាប់ស្ត្រី និងកុមារនៅភូមិលីឌីស៊ែ ប្រទេសឆេក និងភូមិអូរាឌូ ប្រទេសបារាំងក្នុងអំឡុងឆ្នាំ ១៩៤២ ដល់១៩៤៥ នៃសង្គ្រាមលោកលើកទី២ ហើយជាមួយនឹងការចងចាំនេះ មនុស្សបានរួមគ្នាទប់ស្កាត់អំពើហឹង្សា ដើម្បីថែរក្សាសន្តិភាពពិភពលោក និងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។

ដោយឡែកបញ្ហាពលកម្មកុមារ ជាបាតុភាពមួយដែលកើតមានឡើង ក្នុងប្រទេសជាច្រើនលើពិភពលោក ក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារ ក្នុងជម្លោះប្រដាប់អាវុធ ឬក្នុងស្ថានភាពងាយរងគ្រោះ និងប្រើប្រាស់កុមារឱ្យបម្រើការងារតាមផ្ទះដោយផ្តល់ប្រាក់ឈ្នួល ឬពុំបានផ្ដល់ប្រាក់ឈ្នួលដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិកុមារ។

អាស្រ័យដោយបញ្ហាពលកម្មកុមារ គឺជាបាតុភាពធ្ងន់ធ្ងរបែបនេះ អង្គការពលកម្មអន្តរជាតិ បានបង្កើតអនុសញ្ញាលេខ១៨២ ដើម្បីធ្វើការហាមប្រាម និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារដែលត្រូវបានប្រទេសនានាលើពិភពលោកគាំទ្រយ៉ាងពេញទំហឹង។
