ព័ត៌មានជាតិ

សហជីព និងកម្មករនៅកម្ពុជា ថ្កោលទោស ក្រុមជ្រុសនិយម នៅជប៉ុន ដែលនាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងវត្តមាននាយករដ្ឋមន្រ្តី ខ្លួននៅបរទេស

ភ្នំពេញ៖ សហជីព និងកម្មករនិយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បានរិះគន់ និងថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន ដោយពួកគេចាត់ទុកថា ក្រុមជ្រុលនិយមកំពុង ប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា ៖ «ក្នុងនាមខ្ញុំជាប្រធានសហជីពនៅកម្ពុជា ដែលដឹកនាំកម្មកររោងចក្រ សហគ្រាសរាប់ម៉ឺននាក់ សូមរិះគន់ និងថ្កោលទោស ក្រុមទណ្ឌិត សម រង្ស៊ី ក្រុមមូរ សុខហួរ ដែលបង្កើតសកម្មភាពជ្រុលនិយម នាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន»។

លោកបន្ដថា៖«ខ្ញុំគិតថា ក្រុមជ្រុលនិយមទាំងអស់នេះ កំពុងប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិខ្លួនឯង បំបាក់មុខមាត់ប្រទេសជាតិនៅបរទេស ហើយពួកគេមិនចង់ឃើញប្រទេសជាតិខ្លួនឯងរីកចម្រើនទេ ។ ពួកខ្ញុំជាសហជីព និងកម្មករទាំងអស់ គឺមិនពេញចិត្ត ហើយក៏ស្អប់ខ្ពើមនូវទង្វើ របស់ក្រុមជ្រុលនិយមជាខ្លាំង ព្រោះពួកគេប្រឆាំង នឹងផលប្រយោជន៍ជាតិ»។

ទោះបីជាយ៉ាងណា លោក សំ សឿន បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ និងកម្មកនិយោជិតនៅកម្ពុជា កុំចូលរួមសកម្មភាពណាមួយ ដែលប្រឆាំងនឹងផល ប្រយោជន៍ប្រទេសជាតិ និងមិនត្រូវចូលរួមពាក់ព័ន្ធនឹងទង្វើក្បត់ជាតិជាមួយក្រុមទណ្ឌិត សម រង្ស៊ីនោះទេ ព្រោះពួកគេមិនសាកសមជាពលរដ្ឋខ្មែរនោះទេ។

លោក អ៊ុល រីយ៉ាង កម្មកររោងចក្រនៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបាននិយាយថា លោកមិនគាំទ្រទង្វើក្បត់ជាតិ របស់ក្រុមទណ្ឌិត សម រង្ស៊ីនោះទេ ព្រោះពួកគេតែងតែយកកិត្តិយសជាតិខ្លួនឯង ទៅមួលបង្កាច់ និង បង្ខូចនៅប្រទេសជប៉ុន ។ ពួកគេគួរតែនាំគ្នាសាទរ ចំពោះថ្នាក់ដឹកនាំខ្លួន ដែលបានទៅសួរសុខទុក្ខ ដល់ប្រទេសជប៉ុន ប៉ុន្ដែបែរជានាំគ្នា បាតុកម្មប្រឆាំងទៅវិញ។

លោកបញ្ជាក់ថា៖«ខ្ញុំសូមថ្កោលទោសចំពោះទង្វើជ្រុលនិយមរបស់ពួកគេនៅប្រទេសជប៉ុន ព្រោះការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ នោះ គឺជារឿងអាម៉ាស់ មួយនៅលើ ឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយ ដើរថយក្រោយ របស់ក្រុមប្រឆាំង ត្បិតគ្មានជំនឿចិត្តពី សំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ»។

លោក ឡេវ សំអាន ជាកម្មកររោងចក្រ នៅរាជធានីភ្នំពេញបាននិយាយថា ការធ្វើនយោបាយ របស់ក្រុមប្រឆាំង នៅក្រៅស្រុកនឹងបន្តបរាជ័យ និង គ្មានជំនឿពីសំណាក់ពលរដ្ឋនោះឡើយ ពីព្រោះពលរដ្ឋនៅបរទេសបាន ឃើញពីការធ្វើនយោបាយ យកគំនិតជាតិនិយមមកដុតរោលរាលលើពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍នយោបាយ ខុសច្បាប់ដល់ជនមួយក្តាប់តូច។

លោកបញ្ជាក់ថា៖«ខ្ញុំសូមរិះគន់ ចំពោះទង្វើក្បត់ជាតិ និងបំផ្លាញ់មុខមាត់ជាតិនៅប្រទេសគេ ហើយក្នុងនាមខ្ញុំជាពលរដ្ឋក៏គ្មានជំនឿ លើការធ្វើនយោបាយបោកប្រាស់ទៀត នោះឡើយ ។ ការធ្វើបាតុកម្មនេះ គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍ បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេស ហើយមិនមែន បម្រើដល់ផលប្រយោជន៍រួមនោះទេ»៕

To Top