ព័ត៌មានជាតិ

សិស្សប៊ែលធី ភាសាអង់គ្លេសទូទៅ កម្រិត ១២ (Level 12) ជំនាន់ទី៦៩  ដល់ ៧៤ ចំនួន ៩៧២នាក់ ទទួលសញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESLDIPLOMA)

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ភាសា អង់គ្លេស ប៊ែលធី ជូនដល់សិស្ស ថ្នាក់ភាសាអង់គ្លេស ទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៩ ដល់ទី៧៤ ដែលបានប្រឡងជាប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ៩៧២នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ដែលបានប្រព្រឹត្តទៅនៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២  (ស្ពានអាកាសចោមចៅ)។

លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅបានឱ្យដឹងថា ៖  បច្ចុប្បន្ននេះ សាលា ប៊ែលធី  អន្តរជាតិ មាន ៣២សាខា  (៣០សាខា កំពុងដំណើរការ និង២សាខា កំពុងសាងសង់ គឺប៊ែលធីទី៣១-សាខាវត្តទួលឫស្សីកែវ និង ប៊ែលធីទី៣២-សាខាក្រាំងធ្នង់) ដែលមានបុគ្គលិកបម្រើការ សរុបចំនួន ២,៨៩៦នាក់ (នារី១,០០៨នាក់) និងមាន សិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ព្រមទាំងមាន កម្មវិធីសិក្សាធំៗ ចំនួន៥ និង បានបញ្ជូលកម្មវិធីសិក្សា បន្ថែមចំនួន១២ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ។

គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ សាលាប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត ១២ (Level 12) ដែលបានប្រឡង បញ្ចប់សញ្ញាបត្រភាសា អង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១៥,២៣៦នាក់ ។ ក្នុងនោះសិស្សដែលប្រឡងបានពិន្ទុអាយអែល (IELTS)  5.0 ឡើងទៅ ចំនួន១១,៨៨៤នាក់ ស្មើនឹង ៧៨% ដែលនឹងទទួលបានសញ្ញាបត្រចំនួនពីរគឺ ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រុមប្រឹក្សា ភាសាអង់គ្លេសនៃចក្រភពអង់គ្លេស  (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ ជាផ្លូវការផងដែរ ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និង ស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និង គុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបាន ជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និង ទទួលបានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏ បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ឱ្យក្លាយជាមូលធនមនុស្ស ដ៏សំខាន់ របស់សង្គមជាតិ និងអាច ចាប់យកអាជីពសម្រាប់ខ្លួនឯង ទៅថ្ងៃអនាគត ហើយមានសមត្ថភាពប្រកួតប្រជែង ដណ្តើមទីផ្សារការងារ ជាមួយ បណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោកជាពិសេសដើរ ឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០ ។ 

ជាទីបញ្ចប់ លោកបណ្ឌិត ប្រធានគណៈអធិបតី និងលោកស្រី បានចូលរួមអបអរសាទរ និង ប្រគល់សញ្ញាបត្រ ដល់សិស្សជ័យលាភីទាំង ៩៧២នាក់ នាពេលនោះផងដែរ ៕

To Top