តាកែវ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយតំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់រោងចក្រសហគ្រាសនៅខេត្តតាកែវ នាថ្ងៃទី ៣០ ខែឧសភាឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យតំណាងប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃនាយកដ្ឋាន ដោយសហការជាមួយតំណាង TAFTAC ព្រមទាំងមានសិក្ខាកាមសរុប ៤៥នាក់ដែលមកពីរោងចក្រសហគ្រាសនៅខេត្តតាកែវ។

លោកវេជ្ជបណ្ឌិត លី សារុន បានថ្លែងថា គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់រោងចក្រ សហគ្រាស និងគ្រឹះស្ថានលើគោលការណ៍សំខាន់ៗដូចជា ច្បាប់ និងបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ, បញ្ជីត្រួតពិនិត្យអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ, ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ, សុវត្ថិភាពគ្រឿងម៉ាស៊ីន, មូលដ្ឋានគ្រឹះនៃសុវត្ថិភាពអគ្គីភ័យ និងភាពតានតឹងដោយកម្ដៅខ្លាំង និងវិធានការសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

ឆ្លៀតឱកាសនោះ ក្រុមការងារនៃនាយកដ្ឋានពេទ្យការងារ បានសហការជាមួយតំណាង TAFTAC ធ្វើការចែកជូន និងផ្សព្វផ្សាយពីសៀវភៅកម្រងច្បាប់ពាក់ព័ន្ធវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងចែកជូននូវបដាព័ត៌មានពាក់ព័ន្ធនឹងបញ្ចូលសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់រដ្ឋបាល និងរោងចក្រសហគ្រាស និងគ្រឹះស្ថាននានានៅមូលដ្ឋាន។


ភ្ជាប់ជាមួយនឹងការបណ្ដុះបណ្ដាល ក៏ដូចជាការផ្សព្វផ្សាយនេះ ក្រុមការងារបានធ្វើការចាក់បង្ហាញនូវសកម្មភាពខ្លះៗរបស់មជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារ(OSHTC) ព្រមទាំងណែនាំពីវីដេអូអប់រំស្ដីពីសុវត្ថិភាពអគ្គីភ័យ ដែលនាយកដ្ឋានពេទ្យការងារបានរៀបចំកន្លងមក ៕
