ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអាជ្ញាធរដែនដី បន្តទប់ស្កាត់ អន្តរាគមន៍ និងឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានស្នើអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី។

តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ សម្តេចបវរធិបតី បានឱ្យដឹងថា ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈមនិងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងបានរៀបចំផែនការ អនុវត្តជាពីរដំណាក់កាល ដែលបច្ចុប្បន្នយើងកំពុងអនុវត្តផែនការដំណាក់កាលទី១ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៥។

សម្តេចបវរធិបតី បន្ដថា ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ឆ្នាំ២០១៦-២០២៥ គឺជាត្រីវិស័យតម្រង់ទិសដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរចំពោះ បញ្ហាពលកម្មកុមារនៅប្រទេសកម្ពុជា និងផ្តល់ជាកម្លាំងចលករជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបាន គោលដៅអភិវឌ្ឍសកលប្រកបដោយចីរភាព ឆ្នាំ២០១៥-២០៣០ ដែលកំណត់បញ្ចប់គ្រប់ទម្រង់នៃពលកម្មកុមារ នៅឆ្នាំ២០២៥។ កន្លងមក ក្រសួង ស្ថាប័នពាក់ព័ន្ធបានអនុវត្តផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

សម្តេចបវរធិបតី បន្ថែមថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារបាននិងកំពុងរៀបចំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់និងឆ្លើយតបអំពើ ហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ការបញ្ឈប់អំពើហិង្សាលើកុមារ មិនមែនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតែឯង នោះទេ គឺត្រូវការការចូលរួមពីគ្រួសារ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសង្គមជាតិទាំងមូល។ ទន្ទឹមនឹងនោះដែរ ឪពុកម្តាយ អាណាព្យាបាល អ្នកមើលថែទាំកុមារ ត្រូវយល់ដឹងអំពីសិទ្ធិកុមារ និងវិធីសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមាន។

សម្តេចបវរធិបតី គូសបញ្ជាក់ថា «ខ្ញុំសូមស្នើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់បន្ត ពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំង ចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាព ផ្សេងៗទៀត»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានី ខេត្ត គណៈកម្មការ ការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និង សហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួល ខុសត្រូវខ្ពស់ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ ជាតិនិងអន្តរជាតិ៕

To Top