ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ និងភរិយា​ បរិច្ចាគថវិកា ជាង៥០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងលោកស្រី ឱម សារី ប្រាជ្ញចន្ទ បានបរិច្ចាគថវិកាចំនួន ៥០.៩៧៥.០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក ប្រាជ្ញ ចន្ទ និងលោកស្រី ឱម សារី  ប្រាជ្ញចន្ទ បរិច្ចាគថវិកាចំនួន ៥០.៩៧៥.០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ”។ ការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” និងដើម្បីជាការរម្លឹកឱ្យមានការបន្តបរិច្ចាគ​ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយ​ គឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា៕

To Top