ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍អ្នកទេសចរឥណ្ឌូនេស៊ី អញ្ជើញមកទស្សនាកម្ពុជា ឱ្យកាន់តែច្រើននារដូវកាលបៃតង

ភ្នំពេញ ៖ កម្ពុជា ស្វាគមន៍អ្នកទេសចរឥណ្ឌូនេស៊ី អញ្ជើញមកទស្សនាកម្ពុជា ឱ្យកាន់តែច្រើននារដូវកាលបៃតង (Green Season) ដើម្បីទទួលបាននូវបទពិសោធទេសចរណ៍ដ៏ស្រស់បំព្រង និងបដិសណ្ឋាកិច្ច Muslim Friendly។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ បានជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយ លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សា ការងារលើការផ្សព្វផ្សាយទេសចរណ៍ និង យុទ្ធសាស្រ្តទាក់ទាញ ទេសចរឥណ្ឌូនេស៊ី-កម្ពុជា នារដូវកាលបៃតងដ៏ស្រស់ស្អាត ចាប់ពីខែឧសភា ដល់ខែតុលា។

នាឱកាស លោករដ្ឋមន្រ្តី បានជម្រាបពីសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំងការទទួលបដិសណ្ឋាកិច្ច ដែលរៀបចំជាពិសេសសម្រាប់អ្នកទេសចរម៉ូស្លីម គឺ Muslim Friendly Tourism ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាជាគោលដៅទេសចរណ៍ម៉ូស្លីមពេញនិយមមួយផងដែរ។

តាមរយៈយុទ្ធនាការ ដ៏មានសារៈសំខាន់នេះ និងការដាក់ចេញនូវ Muslim Friendly Tourism ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាល ប្រគល់តួនាទីដ៏សំខាន់ក្នុងការជួយ សម្របសម្រួលការងារជាមួយការីទេសចរណ៍ គ្រប់ប្រភេទលើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍ ពិសេសការទទួលបដិសណ្ឋារកិច្ច ដែលរួមមានសម្រាប់អ្នកទេសចរម៉ូស្លីម ។

ព្រមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលការធ្វើទេសចរណ៍ប្រកប ដោយផាសុកភាព សន្តិសុខ និងសុវត្ថិភាពដែលជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើននារដូវកាលបៃតងដ៏ស្រស់ស្អាត ដែលរុក្ខជាតិកំពុងតែរីកស្រស់បំព្រងពណ៌បៃតង អមនឹងធម្មជាតិស្រស់ត្រកាល ដោយការប្រោះព្រំ ពីតំណក់ទឹកភ្លៀងប្រៀបដូចជាពរជ័យពីឋានសួគ៌ ក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់ សែនមនោរម្យខ្យល់ត្រជាក់ស្រួល ជួយឱ្យអារម្មណ៍ ស្រស់ថ្លា បំបាត់រាល់ទុក្ខកង្វល់ ផ្តល់នូវថាមពលផ្លូវកាយ និងផ្លូវចិត្តឱ្យពេញលេញ ៕

To Top