កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញប្រារព្ធពិធីខួប អនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅទីតាំង២ដាច់ដោយឡែកពីគ្នា នៅសាលាបឋមសិក្សា មា នក ស្ថិតនៅក្នុងភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និង នៅនៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ប្រជាជនកម្ពុជា និងបានជម្រាបជូនអង្គប្រជុំពីតម្លៃនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា មាន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្ដី និងបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងសិស្សានុសិស្សទាំងអស់នៃអង្គពិធីទាំងមូល។

លោក ឆាយ ឫទ្ធិសែន បានមានសាសន៍ថា ឆ្នាំនេះប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” និង “លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកប ដោយចីរភាពនិងភាពធន់” ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងៗទៀត។

លោក ឆាយ ឫទ្ធិសែន បន្ដថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដោយយកកត្តា“មនុស្ស”ជាអាទិភាពគន្លឹះទី១ និងបានដាក់ចេញវិធានការគន្លឹះនានា សម្រាបវិស័យ អប់រំ យុវជន និងកីឡា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថាន សិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

លោកបានអំពាវនាវ ទៅដល់គ្រប់អង្គភាព ស្ថាប័ន អង្គការនានា សប្បុរសជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឱ្យក្លាយទៅជាប្រទេស មានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕




