ភ្នំពេញ៖ ប្រជាពលរដ្ឋ និងសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងស្នាក់រស់នៅប្រទេសជប៉ុន បានបង្ហាញអារម្មណ៍ សប្បាយរីករាយ ដោយបានផ្សព្វផ្សាយ លើបណ្ដាញសង្គមយ៉ាងផុសផុល ក្រោយពីពួកគេបានជួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីក្រុងតូក្យូ នាថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២៥។

លោក ហែម សេដ្ឋថៃ ជានិស្សិតកំពុងសិក្សានៅប្រទេសជប៉ុន ដែលបានចូលរួមក្នុងកម្មវិធី សំណេះសំណាលបានថ្លែងថា ៖«ខ្ញុំបាទបានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងប្រទេសជប៉ុន។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

និស្សិតរូបនេះបានប្ដេជ្ញាចិត្ត ក្នុងការធ្វើជាទូតសុឆន្ទៈរបស់កម្ពុជានៅលើទឹកដីបរទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសជាតិ តាមរយៈការណែនាំអ្នកជំនួញជប៉ុន មកដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាបង្ហាញពីតំបន់ទេសចរណ៍ដ៏សំបូរបែប ដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។
លោក ហ៊ុន សម ជានិស្សិតខ្មែរកំពុង សិក្សានៅប្រទេសជប៉ុនបាននិយាយថា ការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ច សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត គឺជាក្ដីប្រាថ្នាធំរបស់លោកជាយូមកហើយ។

លោកបញ្ជាក់ថា៖«ក្នុងនាមជាប្រជាពលរដ្ឋខ្មែរនៅជប៉ុន ខ្ញុំសូមជូនពរសម្ដេចឱ្យមានសុខភាពល្អ រាងកាយមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ពិសេសសម្រេចបាននៅគោលដៅរបស់កម្ពុជាក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០»។

លើសពីនេះ មានក្រុមសមាគមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅសកលវិទ្យាល័យហ៊ីរ៉ីស៊ីម៉ា បានបង្ហាញពីក្ដីរំភើបរីករាយ នៅក្នុងឱកាសជួបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ក្នុងពិធីជួបសំណេះសំណាលជា មួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសជប៉ុន។

ពួកគេបានលើកឡើងថា ៖ «អនុសាសន៍គន្លឹះក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា អំពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ គឺជាអ្វីដែលយើងខ្ញុំអាចទទួល បានជាបញ្ញាបន្ថែមយ៉ាងប្រសើរបំផុត។ ក្នុងនោះ យើងខ្ញុំក៏សូមអរគុណ ឯកឧត្ដមប្រធានតំបន់ហ៊ីរ៉ូស៊ីម៉ា សម្រាប់ការជួយជ្រែងយ៉ាងខ្លាំង ដល់យើងខ្ញុំជានិស្សិតនៅទីនោះ»។

គួររំឭកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសជប៉ុន ប្រកបដោយភាពមមាញឹកជាមួយផ្លែផ្កាជាឧត្តមប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជន។

សម្តេចមហាបវរធិបតី បានអញ្ជើញចាកចេញ ពីកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយផ្តើមដំណើរទៅ កាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នៅថ្ងៃទី២៨ ខែឧសភា ក្រោយបញ្ចប់ការងារ នៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បន្តដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ីក្នុងពេលដែលពិភពលោក ប្រឈមបញ្ហាច្របូកច្របល់»៕





