ព្យុងយ៉ាង៖ ការវិភាគដោយគេហទំព័រ 38 North ដែលជាអង្គការ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែ លឃ្លាំមើលប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានលុបចោលការហាមប្រាមលើការប្រើប្រាស់យោធានៃលំហអាកាស សម្រាប់គោលបំណងការពារជាតិដោយធ្វើវិសោធនកម្មច្បាប់អភិវឌ្ឍន៍អវកាសរបស់ខ្លួននៅឆ្នាំ ២០២២ ។
ការវិភាគបានឲ្យដឹងថា ភាសាដែលប្រឆាំងនឹងការធ្វើយោធាលើលំហអាកាស និងការកំណត់ការប្រើប្រាស់របស់វាក្នុងគោលបំណងសន្តិវិធីត្រូវបានដកចេញ ខណៈដែលច្បាប់ ដែលបានកែសម្រួលរួមមានការព្រមានថាវិធានការតបតនឹងត្រូវធ្វើឡើងប្រឆាំងនឹងប្រទេសណាមួយដែលប៉ុនប៉ងប្រព្រឹត្តអំពើមិនរាក់ទាក់។
ខណៈដែលសហរដ្ឋអាមេរិក រុស្ស៊ី និងចិន បានបង្កើនការប្រើប្រាស់យោធាលើលំហ កូរ៉េខាងជើងអះអាងថាបានដាក់ផ្កាយរណបឈ្លបយកការណ៍ទៅក្នុងគន្លងជាលើកដំបូងក្នុងឆ្នាំ ២០២៣ ដោយបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការផ្សព្វផ្សាយយ៉ាងសកម្មអំពីដែនលំហអាកាស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អង្គការនេះទទួលបានស្មាតហ្វូនលក់នៅឆ្នាំ ២០២៤ នៅក្នុងប្រទេសកូរ៉េខាងជើង។ ឧបករណ៍នេះមានកម្មវិធីយោងច្បាប់ ដែលធ្វើឱ្យព័ត៌មានលម្អិតនៃកំណែទម្រង់ច្បាប់ច្បាស់លាស់ និងបង្ហាញថា ចំនួនមាត្រានៅក្នុងច្បាប់បានកើនឡើងពី ៣៨ ទៅ ៤៨ ។ អ្នកស្រាវជ្រាវម្នាក់នៅ 38 North បានឲ្យដឹងថា វិសោធនកម្មនេះបង្ហាញថា យុទ្ធសាស្ត្រអវកាសរបស់កូរ៉េខាងជើងកំពុងមានភាពចាស់ទុំ។ លទ្ធផលនៃការវិភាគត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសនៅលើគេហទំព័ររបស់អង្គការក្នុងពេលឆាប់ៗនេះ។
ច្បាប់អភិវឌ្ឍន៍លំហអាកាសត្រូវបានអនុម័តក្នុងឆ្នាំ ២០១៣។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា វាត្រូវបានកែសម្រួល ប៉ុន្តែមិនបានផ្តល់ជាក់លាក់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
