ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវឲ្យអ្នកនយោបាយគ្រប់និន្នាការទុកបញ្ហាផ្ទាល់ខ្លួនមួយឡែក សូមងាកមកគាំទ្រដល់កងទ័ពកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាលើកទឹកចិត្តដល់ពួកគាត់ឲ្យមានកម្លាំងចិត្តការពារបូរណភាពទឹកពីការឈ្លានពានរបស់ប្រទេសជិតខាង ។
ក្រោយមានការប៉ះទង្គិចគ្នាមួយប្រាវប្រហែលជា១០នាទី រវាងកងទ័ពកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃ២៨ ឧសភា ហើយបណ្តាលឲ្យកងទ័ពខ្មែរបាត់បង់ជីវិត ត្រូវបានមេឧទ្ទាមក្រៅច្បាប់និងគូកនរបស់គេបានយកបញ្ហាព្រំដែននេះមកធ្វើជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល ។ ក្នុងនោះក៏មានអ្នកខ្លះនិយាយចេញមកបំបាក់ទឹកចិត្តកងទ័ពផងដែរ ។
ក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាតែងតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធដែលមានភារកិច្ចការពារខឿនជាតិ និងការពារបូរណភាពទឹកដីកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលមានស្មារតិស្នេហាជាតិបានចូលរួមឧបត្ថម្ភជាស្បៀងអាហារនិងថវិកាដល់កងទ័ពកម្ពុជាឈរជើងការពារព្រំដែន។

សម្រាប់ការត្រៀមបម្រុងនូវស្បៀងអាហារ រួមនឹងថវិកា សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលសូមធានាអះអាងផ្គត់ផ្គង់មិនឲ្យក្រុមកងទ័ពខ្វះខាតនោះទេ នឹងផ្គត់ផ្គង់ឲ្យបានជាប់ជាប្រចាំ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ទាំងការផ្គត់ផ្គង់អាហារ ថវិកា និងសំភារៈផ្សេងៗរួមទាំងការលើកទឹកចិត្តដល់កងទ័ពគឺពិតជាសំខាន់ដូចគ្នា ដើម្បីឲ្យពួកគាត់មានចិត្តតស៊ូការពារព្រំដែន។
សម្តេចធិបតីគូសបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវ សូមបន្តការគាំទ្រនិងការរួមគ្នាដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ។ ហើយពេលជាមួយគ្នា ខ្ញុំក៏សូមអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ទោះបីជាមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជា ។ ពេលនេះជាពេលដែលកម្ពុជារបស់យើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើងដើម្បីការពារទឹកដី” ។
សម្តេចធិបតីបន្តថា ក្នុងពេលនេះ សូមអ្នកនយោបាយគ្រប់និន្នាការទុកបញ្ហាដែលមានគោលនយោបាយខុសគ្នាមួយឡែកសិន ត្រូវងាកមកលើកទឹកចិត្តគាំទ្រនិងកុំធ្វើអធិប្បាយអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់កងទ័ពរបស់ខ្មែរដែលមានភារកិច្ចការពារជាតិទឹកដី ព្រោះពេលនេះមិនមែនជាពេលវេលាសម្រាប់កេងចំណេញនយោបាយរបស់ខ្លួននោះទេ៕
