ព័ត៌មានជាតិ

គ្រឹះស្ថាន បណ្តុះបណ្តាល បច្ចេកទេស នៃក្រសួងការងារ ប្រកាសគាំទ្រ ចំពោះជំហរដ៏ម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្ត្រី ដែលនាំយកបញ្ហាព្រំដែន ជាមួយថៃទៅប្តឹងនៅ ICJ ដើម្បីឱ្យដាច់ស្រេច

ភ្នំពេញ៖ សាស្ត្រាចារ្យ នៃសាលាបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះជំហរដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃនៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់ តុលាការអន្តរជាតិ(ICJ) ដើម្បីឱ្យដាច់ស្រេច ចំពោះជម្លោះព្រំដែន ដែលកំពុងអូសបន្លាយមួយនេះ។

ភ្លាមៗក្រោយការប្រកាសជំហរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល លោក​ យ៉ោក សុធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអះអាងថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិក្នុងសំណុំរឿងព្រំដែនជាមួយប្រទេសថៃគឺជាយន្តការប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

លោក​ យ៉ោក សុធី អះអាងថា៖ “ខ្ញុំសូមគាំទ្រនូវជំហរដោះស្រាយបញ្ហាព្រំដែន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រើប្រាស់យន្តការច្បាប់ អន្តរជាតិជាគោលដើម្បីដោះស្រាយបញ្ចប់នូវបញ្ហាព្រំដែន។ ខ្ញុំសូមគាំទ្រទាំងស្រុង និងម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត របស់សម្តេចប្រមុខរាជរដ្ឋាភិបាល”។

លោក​ តាន់ កុសល នាយកវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ បានប្រកាសគាំទ្រដោយអះអាងថា ជំហរដ៏ម៉ឺងម៉ាត់របស់សម្តេច នាយករដ្ឋមន្ត្រីនាពេលនេះ គឺជារឿងត្រឹមត្រូវបំផុតព្រោះកម្ពុជាមិនចង់បានសង្គ្រាម ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណាឃ្លានពានបានឡើយ។

លោក​ តាន់ កុសល បញ្ជក់ថា៖ “សូមគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងនាំយកបញ្ហាព្រំដែនខ្មែរ-ថៃក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ ហើយចំណាច់ការរបស់សម្តេចបង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដីដែនអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយមករំលោភបំពានបានឡើយ”។

ជាមួយគ្នានេះ លោក​ ជិន តារា នាយកវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម ក៏បានបង្ហាញជំហរ ក្នុងការគាំទ្រ យ៉ាងខ្លាំងខ្លាដែរ ចំពោះចំណាត់ការ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

លោកបន្តថា៖ “ក្នុងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាស្ថាន សូមគាំទ្រចំពោះប្រសាសន៍យ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីជម្រះឱ្យដាច់ស្រេច សម្រាប់អ្នកជំនាន់ក្រោយ”។

សម្រាប់នាយកវិទ្យាស្ថានរូបនេះ ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិនេះ គឺដើម្បីកុំឱ្យពួកជ្រុលនិយមមួយក្តាប់តូច បង្កវិទ្ធង្សនាម្តងហើយម្តងទៀត នៅក្នុងទឹកដីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ព្រំដែនសន្តិភាព ដែលកម្ពុជាបានកសាង។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ( ICJ) ដើម្បីរំលត់ និង បញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីកុំឲ្យប្រទេសទាំងពីរ ឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម បើទោះបីជាថៃមិនព្រមឡើង ទៅតុលាការយ៉ាងណាក៏ដោយ៕

To Top