ព័ត៌មានជាតិ

គណបក្សកម្លាំងជាតិ គាំទ្ររាជរដ្ឋាភិបាលត្រៀមប្តឹងទៅ ICJ ជុំវិញជម្លោះព្រំដែនជាមួយថៃ

ភ្នំពេញ ៖ គណបក្សកម្លាំងជាតិ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សនាថ្ងៃ២ មិថុនា។
ការចេញមកគាំទ្ររាជរដ្ឋាភិបាលនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការត្រៀមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ក្រោយប៉ះទង្គិចគ្នាកាលពីថ្ងៃ២៨ ឧសភា ។

ការប្រកាសគាំទ្ររបស់គណបក្សក្រៅរដ្ឋាភិបាលនេះ ព្រោះគណបក្សយល់ឃើញថា មានតែយន្តការ តុលាការយុត្តិធម៌អន្តរជាតិ តែមួយគត់ដែលអាចដោះស្រាយបញ្ហាព្រំដែន ដែលបាននិងកំពុងកើតមាន និងធ្វើឱ្យកម្ពុជាទទួលបានយុត្តិធម៌ ព្រមទាំងអាចបញ្ចប់នូវគំនិតក្នុងការឈ្លានពានបូរណភាពទឹកដីតាមបន្ទាត់ ព្រំដែនពីប្រទេសជិតខាង។

គណបក្សកម្លាំងជាតិ យល់ឃើញថាព្រឹត្តិកាណ៍ផ្ទុះអាវុធដែលបានបង្កឡើងដោយភាគីកងទ័ពថៃក្នុងដែន អធិបតេយ្យភាពប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាការបង្ហាញឱ្យឃើញកាន់តែ ច្បាស់ថា ប្រទេសជិតខាងមួយចំនួននៅតែចិញ្ចឹមចិត្តក្នុងការឈ្លានពាន លេបយកទឹកដីកម្ពុជា ដែលមានតាំងពីអតីតកាល ហើយក៏ជាការរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយមិនត្រូវ ភ្លេចខ្លួន និងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រលាញ់របស់យើង។

ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស គ្រប់និន្នាការនយោបាយ រួបរួមសាមគ្គីគ្នា ដើម្បីមានឯកភាពផ្ទៃក្នុងជាតិតែមួយ ក្នុងការប្រឆាំងនឹងបរទេសដែលមានបំណងឈ្លានពាន អធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា (ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ) និងលើកទឹកចិត្ត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារបូរណភាពទឹកដីតាមគ្រប់មធ្យោបាយក្នុងករណីមានការ ឈ្លានពានពីបរទេស។

សូមបញ្ជាក់ថា ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមប្តឹងទៅ ICJនេះ សម្ដេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភានៅព្រឹកថ្ងៃ២ មិថុនា ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភាលើកទី១នេះ បានស្នើឲ្យអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាលចំពោះការត្រៀមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ។ ដោយជាលទ្ធផលអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភាចំនួន១៨២រូប បានលើដៃអនុម័តគាំទ្រធ្វើសេចក្តីថ្លែងក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ៕

To Top