ភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ជាសាខាមួយរបស់មន្ទីរពេទ្យបាងកក ប្រទេសថៃ ដែលបានបើកពង្រីកគ្លីនិក Royal Life Clinic ដែលជាមជ្ឈមណ្ឌលកែសម្ជស្ស និងប្រឆាំងភាពចាស់ ដែលមានសេវាកម្ម ផ្ដល់ជូនលើការបន្ដឹងស្បែកមុខ ការពិនិត្យសុខភាព ដើម្បីឱ្យដឹងពីក្នុងខ្លួន មានការខ្វះវីតាមីនអ្វីខ្លះ និងមានសេវាផ្ដល់ប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីរស់នៅក្មេងជាងវ័យ ទាក់ទងនឹងការហូប ការគេង ការហាត់ប្រាណ ដើម្បីផលិតវីតាមីនសម្រាប់ខ្លួនឯង មិនសម្រាប់អ្នកដទៃ ដើម្បីយកទៅបំពេញឱ្យបានគ្រប់គ្រាន់។

ថ្លែងក្នុងកម្មវិធី “អាថ៌កំបាំងនៃសម្ផស្ស និងសុខុមាលភាព សម្រាប់គ្រប់ដំណាក់កាលជីវិត”(Health & Beauty Secrets for Every Stage of Life) នៃគ្លីនិក Royal Life Clinic របស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅផ្សារទំនើប អ៊ីអន សែនសុខ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់ថា ការបើកសម្ពោធក្លីនិក Royal Life នៅក្នុងប្រទេសកម្ពុជានេះ គឺមានអត្ថប្រយោជន៍ច្រើន សម្រាប់ប្រជាជនកម្ពុជាក្នុងការយល់ដឹង ពីវិធីថែរក្សាសុខភាព ការថែរក្សាសម្រស់ និងការរស់នៅប្រកបដោយសុខភាពល្អ ទាក់ទងនឹងការហូបចុកអាហារ ដែលមានគុណភាព ការហាត់ប្រាណដែលត្រឹមត្រូវ ការកេងឱ្យបានលក់ល្អ និងបានគ្រប់គ្រាន់ ជាពិសេសការប្រើវីតាមីនឱ្យបានត្រឹមត្រូវ ដែលកត្ដាទាំងនេះ វាបានធ្វើឱ្យសុខភាពរបស់យើងកាន់តែរស់បានយូរ ស្រស់ស្អាតជាងវ័យ និងមិនចាំបាច់មានហានិភ័យ ដូចធ្វើការវះកាត់នោះទេ។

លោកសាស្រ្ដាចារ្យ បានលើកឡើងថា ការថែរក្សាសុខភាព និងសម្រស់ តាមរយៈក្លីនិក Royal Life ដែលស្ថិតនៅក្នុង មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនេះ គឺមានការផ្ដល់ ជូននូវសេវាកម្មផ្នែកកែសម្ផស្ស ដែលធ្វើឡើងមិនមានហានិភ័យដូចការវះកាត់នោះទេ ហើយធ្វើតាមបែបធម្មជាតិ និងមានលក្ខណៈ វិទ្យាសាស្រ្ដទំនើប និងបច្ចេកវិទ្យាទាំងនេះគឺជាការជួយទាញស្បែកឱ្យបានតឹងណែនល្អ មិនប៉ះពាល់ដល់សុខភាព។
បើតាមលោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ការថែទាំសុខភាព និងសម្ជស្សនេះ ធ្វើឡើងតាមបែបវិទ្យាសាស្រ្ដ ផ្ដល់នូវទំនុកចិត្ដ និងមិនប៉ះពាល់ដល់សុខភាព ដែលមានសេវាផ្ដល់ជូនដល់ប្រជាជនកម្ពុជានៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយក្លីនិក Royal Life នេះ ធ្វើឡើងដោយផ្ដល់សេវាជូនសម្រាប់ការព្យាបាលប្រឆាំងនឹងភាពចាស់ជរា ដើម្បីកុំឱ្យមានភាពចាស់លឿន ជាងអាយុកាលដោយមានផលិតផល និងម៉ាស៊ីនទំនើបៗក្នុងការជួយធ្វើឱ្យស្បែកស្រស់ថ្លា និងមានសម្រស់កាន់តែក្មេងជាងវ័យ។

លោកសាស្ត្រាចារ្យ Attapoom Susupaus បានបញ្ជាក់បន្ថែមថា ក្លីនិក Royal Life នេះ គឺមានម៉ាស៊ីនទំនើបបច្ចេកវិទ្យាចុងក្រោយ នាំមកពីសហរដ្ឋអាមេរិក ដើម្បីជួយបន្ដឹងស្បែកមុខ ធ្វើឱ្យស្បែកមុខស ការបាញ់ឡាស៊ែរនៅលើផ្ទៃមុខ ការម៉ាស្សាបញ្ចូលវីតាមីនទៅក្នុងស្បែកមុខ ការបញ្ចូលសេរ៉ូម ដើម្បីឱ្យស្បែកមុខភ្លឺថ្លា និង មានសេរ៉ូមជួយដល់ថ្លើម កុំឱ្យថ្លើមឆាប់ពុល ជាពិសេសធ្វើឱ្យប្រព័ន្ធស៊ាំនៃរាងកាយកាន់តែខ្លាំង ដែលធ្វើឱ្យសម្រស់កាន់តែក្មេង ជាងវ័យ ដោយមិនមានធ្វើការវះកាត់នោះទេ៕






