ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កាលពីអតីតកាលកម្ពុជាមានទឹកដីធំធេង ហើយក៏ត្រូវបានបាត់បង់ យ៉ាងច្រើនផងដែរ ទៅប្រទេសជិត ដួច្នេះកម្ពុជា មិនចង់ឲ្យបាត់ដីមួយចង្អាមណាទៀតទេ គឺសូមរក្សាការពារទឹកដី ដែលមានស្រាប់ ដូចសព្វថ្ងៃនេះគឺគ្រប់គ្រាន់ហើយ ។
នាឱកាសអញ្ជើញបើកកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា មិនចង់បានចំណែកដីណាពីប្រទេសជិតខាងទេ គឺកម្ពុជាការពារតែបូរណភាពទឹកដី និងអធិបតេយ្យភាព របស់ខ្លួនប៉ុណ្ណោះ ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា “កម្ពុជាមិនត្រូវការទឹកដី ពីអ្នកណាគេទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារ យកដីត្រឡប់មកវិញដែរ ។ តែកម្ពុជាសូមរក្សាសិទ្ធិការពារទឹកដី របស់ខ្លួនតែប៉ុណ្ណោះ មិនអាចឲ្យអ្នកណាផ្សេងមកដណ្តើម”។
ពាក់ព័ន្ធបូរណភាពទឹកដី ជាមួយប្រទេសជិតខាងនេះ ងាកទៅព្រំប្រទល់ជាមួយវៀតណាមវិញ សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាបើកកិច្ចចរចា ជាមួយភាគីវៀតណាម ដោយបានបោះបង្គោលព្រំដែន ប្រមាណជា៨៤% ហើយនៅសល់១៦%ទៀត កំពុងស្ថិតក្នុងដំណាក់កាលចរចា ។ ចំណែកជាមួយភាគីឡាវវិញ កម្ពុជានិងឡាវ បានបោះបង្គោលព្រំដែនជាមួយគ្នា៨៦% នៅសល់១៤%ទៀត កំពុងបន្តការចរចា ដោយមានការគោរពគ្នាទៅវិញទៅមក ។
ដោយឡែកចំពោះការបោះបង្គោលព្រំដែន ជាមួយភាគីថៃវិញដែលកំពុងមានជម្លោះជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់ទៅកាន់ភាគីថៃថា គឺកម្ពុជាបានបើកកិច្ចចរចាជាមួយថៃ អស់រយៈពេល២៥ឆ្នាំហើយ ប៉ុន្តែលទ្ធផលនៃការបោះបង្គោលព្រំដែន មិនទាន់បានមួយបង្គោលណានៅឡើយទេ បានត្រឹមតែដើរស្វែង រកបង្គោលចំនួនប៉ុន្មានប៉ុណ្ណោះ ៕
