តាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានប្រកាសឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំបាញ់កាំជ្រួច ដើម្បីអបអរសាទរ នៅពេលគ្រឿងចក្រ ជីកព្រែកជីកហ្វូណនតេជោ បានចូលមកដល់ទឹកដីខេត្តតាកែវ នៅពេលខាងមុខឆាប់ៗនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនិង រដ្ឋបាលខេត្តតាកែវ និងក្រុមការងារបោះ បង្គោលព្រុំព្រែកជីកហ្វូណនតេជោ នៅខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ ២០២៥នេះ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានមានប្រសាសន៍ថា វាជារឿងប្រវត្តិសាស្រ្តមួយ របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បន្តមកការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលបានកសាងព្រែកជីក ហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ ដែលព្រែកជីកនេះ នឹងជួយដល់សេដ្ឋកិច្ចជាតិ ជាច្រើនតាមរយៈ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដែលមានរយៈពេលខ្លីនិងការចំណាយអស់ថវិការតិច ដែលកន្លងមករាល់ទំនិញ របស់ កម្ពុជា បានដឹកជញ្ជូនទៅសមុទ្រ ឆ្លងកាត់តាមប្រទេសវៀតណាម ដែលការដឹកជញ្ជូនមានរយៈពេលវែង និងចំណាយ អស់ថវិការច្រើន ។

លោក វ៉ី សំណាង បានថ្លែងបន្តថា ការរៀបចំពិធីអបអរគ្រឿងចក្រ ជីកព្រែកជីកហ្វូណនតេជោ តាមរយៈការបាញ់ កាំជ្រួច ដែលអាជ្ញាធរខេត្តនិងរៀបចំ គឺដើម្បីបង្ហាញពីមោទនៈភាពជាតិ ពីស្មារតីប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាល ដែលប្រឹងប្រែងកសាងសមិទ្ធិផលប្រវត្តិសាស្រ្តជូនជាតិនិងប្រជាពលរដ្ឋ ហើយក៍បង្ហាញឲ្យក្រុមអគតិមួយចំនួន ឲ្យបាន ឃើញពីការរីកចម្រើនលើកសាងផ្លូវទឹកដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តឲ្យពួកគេបានភ្លឺភ្នែកផងដែរ។

នៅក្នុងឱកាសនោះ លោក អភិបាលខេត្តតាកែវ ក៏បានណែនាំដល់អភិបាលស្រុក ដែលព្រែកជីកហ្វូណន បានឆ្លងកាត់ និងមន្រ្តីពាក់ព័ន្ធ ត្រូវចូលរួមសហការ ឱ្យបានល្អប្រសើរ ជាមួយមន្រ្តី ក្រសួងសាធារណៈការ និងក្រុមការងារបោះ បង្គោលព្រុំ ដោយធ្វើយ៉ាងណា ឱ្យកិច្ចការងារបោះបង្គោលព្រំ ព្រែកជីកហ្វូណនតេជោ ឱ្យបានឆាប់ដើម្បីងាយស្រួល ក្នុងការចាប់ផ្ដើមជីកព្រែកជីកហ្វូណបតេជោ ទៅតាមផែនការដែលបានគ្រោងទុក៕
