ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរស្លន់ស្លោចំពោះសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ខណៈសម្តេចបានអះអាងថា សម្តេចបានទទួលព័ត៌មានថា ភាគីថៃកំពុងកសាងលេណដ្ឋាន ។
ចំពោះការជីកលេណដ្ឋានពីសំណាក់ភាគីថៃដែលកំពុងមានជម្លោះជាមួយកម្ពុជានេះ ពីវេទិកាសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ នារសៀលថ្ងៃ២ មិថុនា សម្តេចតេជោបានផ្តាំទៅភាគីថៃថា កម្ពុជាពុំមានការហាមឃាត់អំពីការធ្វើលេណដ្ឋានទេ ប៉ុន្តែធ្វើយ៉ាងណាកុំកសាងលេណដ្ឋានបំពានចូលទឹកដីកម្ពុជា ។
សម្តេចតេជោបានមានប្រសាសន៍ថា “យើងអំពាវនាវចំពោះប្រជាជាតិកម្ពុជារបស់យើង យកចិត្តទុកដាក់តាមដានអំពីសភាពការណ៍នេះ(ព្រំដែន) តែកុំស្លន់ស្លោ ហើយផ្តល់ការគាំទ្រលើកទឹកចិត្តចំពោះការគាំទ្រដល់កងទ័ពនៅសមរភូមិមុខ ។ យើងបានដឹងថា គេ(ថៃ)កំពុងរៀបចំលេណដ្ឋាន ។ រៀបចំក្នុងដីរបស់អ្នកឯង រៀបចំចុះ តែសូមកុំមករៀបចំលើដីរបស់ខ្ញុំ” ។
ពាក់ព័ន្ធបញ្ហាព្រំដែន ដែលបានកើតឡើង ពេលប៉ុន្មានថ្ងៃមកនេះ សម្តេចតេជោ មានប្រសាសន៍ថា សប្បុរជននានា បានចូលរួមបរិច្ចាគថវិកា ប្រមាណជា២លានដុល្លារហើយ គិតមកដល់ថ្ងៃ២ មិថុនា នេះ សម្រាប់ជួយទ្រទ្រង់ដល់កងទ័ពខ្មែរនៅតាមព្រំដែន។
ចំពោះថវិកានេះ ត្រូវបានសម្តេចតេជោអះអាងទៀតថា មិនមែនជាបញ្ហាធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទៅកងទ័ពនៅព្រំដែននោះទេ ទោះបីជាមានការបន្ថែមកងទ័ពទ្វេដងទៀត ក៏រាជរដ្ឋាភិបាលមិនខ្វះថវិកាក្នុងចិញ្ចឹមកងទ័ពដែរ ។
ប៉ុន្តែសម្តេចតេជោបានឲ្យដឹងទៀថា ចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់បំផុត គឺការការពារខឿនជាតិរបស់កម្ពុជា ព្រោះបើគ្មានការគាំទ្រ ពីប្រជាពលរដ្ឋទេ គឺពិតជាមិនគ្រប់គ្រាន់ឡើយ ។
ជាមួយគ្នានេះដែរ សម្តេចអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំឲ្យប្រជាពលរដ្ឋបន្តគាំទ្រកងទ័ពនៅព្រំដែនកម្ពុជា-ថៃ តាមរយៈការចូលរួមជាមូលនិធិ ទ្រទ្រង់កងទ័ពការពារជាតិដូចកាលពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។ សម្តេចតេជោថា ការធ្វើបែបនេះ ដើម្បីបង្ហាញពីការរួមចំណែកការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា ៕
