ព័ត៌មានជាតិ

បុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក រយៈពេល ៣ថ្ងៃ នៅខេត្តស្ទឹងត្រែង បញ្ចប់ទៅដោយរលូន

ភ្នំពេញ៖ លោក អ៊ីន វីរជ័យ តំណាងអ្នករៀបចំសហគមន៍អេកូទេសចរណ៍ព្រះរំកិល បានឲ្យដឹងថា ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ដែលមានរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបញ្ចប់ទៅដោយរលូន ជាមួយនឹងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ យ៉ាងច្រើនកុះករ ។

លោក អ៊ីន វីរជ័យ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី២ មិថុនានេះថា ការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

លោកបន្ថែមថា ទន្ទឹមនេះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន រួមមាន៖ ១. ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) ២. កម្មវិធីអុំទូកកៃយ៉ាក ៣. ការតាំង ពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ៤. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម) ៥. ការបោះតង់ជំរំទេសចរណ៍នៅលើកោះលន និងកោះទន្សាយ ៦. ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) ៧. ទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។

កម្មវិធីនេះដែរគាំទ្រដោយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តស្ទឹងត្រែង និងសហការរៀបចំដោយមន្ទីរទេសចរណ៍ សាលាស្រុកបុរីអូរស្វាយសែនជ័យ ស.ស.យ.ក Ramsar Trip និង  Mekong Ramsar Trail ។ កម្មវិធីនេះដែរក៏មានការឧបត្ថម្ភដោយ កោះលន Diamond Printing  មហាលាភ FHF Capital  LOLC EAGLE Premium Gift និងសារព័ត៌មានដើមអម្ពិល ៕

To Top